ក្រឡាប់​រថយន្ត​នៅ​ថៃ ​ស្លាប់​ពលករ​ខ្មែរ​៤ នាក់ របួសធ្ងន់​ស្រាល​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2015 ក+ ក-

​ភ្នំពេញ​៖ គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ស្រុក​ផាត​ធុង ខេត្ត​ឈុន​បូរី ប្រទេស​ថៃ បានសម្លាប់ពលករ​ខ្មែរ​ចំនួន ៤​នាក់ និង​របួសធ្ងន់​-​ស្រាល ចំនួន ៨​នាក់​។​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា លោក កុយ គួ​ង នៅ​ល្ងាច​ថ្ងៃទី​២១ ខែមេសា​នេះ​។​

​លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត រហូត​ស្លាប់​នោះ មាន ក្មេង ស្រី​ពីរ​នាក់​អាយុ ៨​ឆ្នាំ និង​១០​ឆ្នាំ និង​ពីរ​នាក់​ជា​មនុស្ស​ប្រុស​វ័យ​ជំទង់​។ ដោយឡែក ៨​នាក់​ទៀត របួសធ្ងន់ ពីរ​នាក់ និង​៦​នាក់​រងរបួស​ស្រាល ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ក្នុង​ខេត្ត ឈុន​បូរី​ប្រទេស​ថៃ ដែល​ជនរងគ្រោះ​ទាំងអស់នេះ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តសៀមរាប​។​

​បើតាម​លោក កុយ គួ​ង មន្ត្រី​ស្ថានទូត​ខ្មែរ បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សព​រួចរាល់​ហើយ ដើម្បី​បញ្ជាក់ ថា ត្រូវ បូជាសព​នៅក្នុង​ទឹកដី​ថៃ ឬ​ត្រូវបញ្ជូន​សព ត្រឡប់មក​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក កំណើត​។ ទន្ទឹមនឹងនេះ មន្ត្រី​ទូត និង​កុងស៊ុល របស់​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ កំពុង​រៀបចំ​ពាក្យបណ្តឹង ទាមទារ​សំណង ពី​ជនជាតិ​ថៃ ដែលជា​ម្ចាស់​រថយន្ត​នោះ​ផងដែរ​៕015-ap-២០១៥