នាយករដ្ឋមន្ត្រី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ទួល​ក្រសាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស សម្តេច​តេ​ជោ ទួល​ក្រសាំង ក្នុង​ក្រុង​តាខ្មៅ មានដូចជា​អគារ​បញ្ជាការដ្ឋាន​អង្គរក្ស​, អគារ​ការិយាល័យ​ទទួលភ្ញៀវ ព្រមទាំង​មធ្យោបាយ សំភារៈ​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​បំរើ​ដល់​ការការពារ សុ​វត្តិភាព​ជូន​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ក្រោម​វត្តមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សមិទ្ធផល ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​៤​លាន​ដុល្លារ​អាមេរិក​និង​ត្រូវដាក់​សម្ពោធ​អោយប្រើ​ប្រាស់​នេះ គឺ​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន​នានា ទាំង​ក្នុង និង ក្រៅប្រទេស ដើម្បី​កសាង​សមិទ្ធផល​ទាំងនេះ បាន​សក្តិសម ជា​បន្ទាយ​សុវត្ថិភាព​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​។

​តាម​ការ​ថ្លែង​បញ្ជាក់​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ បានឱ្យដឹងថា ទីតាំង​អគារ​ស្នាក់នៅ​ថ្មី​របស់​កង​អង្គរក្ស​នេះ ជា​អតីត​តំបន់​បឹង​ដែល​ប្រឈម​នឹង​ការបាក់​ស្រុត ដូច្នេះហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានអនុញ្ញាត​ឱ្យធ្វើ​ការ​សាងសង់​ទីតាំង​នេះ​ឡើងវិញ ដើម្បី​បំពេញ​តាម​សំណូមពរ​របស់​កង​អង្គរក្ស មាន​កន្លែង​ស្នាក់នៅ​បានល្អ​ប្រសើរ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​បញ្ជាក់ថា តួនាទី​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស គឺមាន​ភារកិច្ច​ការពា​រ​រក្សា​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នៅនឹងកន្លែង ក៏ដូចជា​នៅ​គ្រប់​បណ្តា​គោលដៅ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ សមត្ថកិច្ច​គ្រប់ផ្នែក​៕