ប្រមុខ​ដឹកនាំ CPP សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​ក្នុង​ខេត្តកណ្ដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​កណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា​គណបក្ស ដើម្បី​បញ្ជាក់​ពី​គោលនយោបាយ និង​ដំណើរការ​កំណែទម្រង់​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច បាន​ជំ​រុញអោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ អោយបាន​លឿន និង​មាន​ប្រសិទ្ធភាព​។

​ថ្លែង​នៅ​ពិធី​ជួប​សំណេះសំណាល ជាមួយ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុ​ជាជាង​៣​ពាន់​នាក់ នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា នេះ សម្តេច តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​បន្ត​ខិតខំ​លើ​ការធ្វើកំណែទម្រង់​នៃ​បញ្ហាសំខាន់​ជាច្រើន ដើម្បីអោយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សុខមាលភាព​ល្អ និង​មាន​ជីវភាព​ល្អប្រសើរ​។

ជាក់ស្តែង ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានធ្វើ​ការតំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជា​បន្ត​បន្ទាប់ ហើយ ចាប់ពី​ឆ្នាំ​២០១៩​ទៅ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​នឹងមិន​តិចជាង​១​លាន​រៀល​នោះទេ​។ ស្របពេល​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏បាន​ខិតខំ​ធ្វើការ​កំណែទម្រង់​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​។
​ដើម្បី​បន្ត​កិច្ចការ​កំណែទម្រង់​ទាំងនេះ​អោយសម្រេចបាន​ប្រកបដោយ​ប្រសិទ្ធភាព សម្ដេច​តេ​ជោ បាន​ជម្រុញ អោយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ក​ចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន អោយបាន​លឿន និង​មាន​ប្រសិទ្ធភាព​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​តែង​គោរព​ស្រលាញ់​ចំពោះ​សម្តេច​ផ្ទាល់ និង​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​រហូតមក​។ ដើម្បី​បន្ត​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែ​កក្ត​ដា ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ពី​លេខ​រៀង​របស់ ឈរឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដែល​សម្តេច​ចាត់ទុកថា ជា​លេខ​រៀង​ដ៏​មាន​អត្ថន័យ ស្របទៅនឹង ខួប​២០​ឆ្នាំ​នៃ​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​បង្រួបបង្រួម​ជាតិ និង ស្វែងរក​សន្តិភាព​ពេញលេញ ឈានដល់​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ​តែម្តង​។

​គួរ​បញ្ជាក់ថា នាពេល​កន្លងមក សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ថ្លែង​បញ្ជាក់ដែរថា ជា​ចក្ខុវិស័យ​ដ៏​រឹងមាំ និង​វែងឆ្ងាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​ជា​អ្នកដឹកនាំ​ប្រទេស​រយៈពេល​៣០ ឬ​៤០​ឆ្នាំ នោះទេ តែ​នឹង​បន្ត​ដឹកនាំ​ប្រទេស ក្នុង​រយៈពេល​យូរអង្វែង​រហូត​ទៅ​៕​