ខេត្តពោធិ៍សាត់ នឹង​ប្រកាស​បង្កើត​ស្រុក​មួយ​ថ្មីឈ្មោះ ស្រុក​សំ​សាន្ត នៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ពោធិ៍សាត់ ៖ «​សំ​សាន្ត​» គឺជា​ឈ្មោះ​ស្រុក​ថ្មី​មួយ​ដែល​អាជ្ញាធរខេត្ត​ពោធិសាត់ នឹង​បង្កើតឡើង​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម​កាត​អះអាង​បញ្ជាក់​ពី​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន​។​

​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​ឲ្យ​ដឹងថា ខេត្ត ពោធិ៍សាត់​នឹងមាន​ស្រុក​ថ្មី​មួយ​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ជួប​សំណេះសំណាល ដោះស្រាយ​សំណូមពរ និង​ពិភាក្សា​ការបង្កើត​ស្រុក​ថ្មី ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ ទូទាំង​ឃុំ​តា​លោ ជិត​៣​ពាន់​នាក់ ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​នានា អាជ្ញាធរ​ស្រុក និង​មន្ត្រី​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។​

​លោក​បន្តថា ស្រុក​ថ្មី​ដែល​នឹង​បង្កើតឡើង​នេះ​មាន​ឈ្មោះថា “​ស្រុក​សំ​សាន្ត​”​។​នៅពេលដែល​ស្រុក​នេះ បាន​បង្កើត​ចេញ​ជា​រូបរាង​ហើយ​នោះ វា នឹង​ក្លាយជា​ស្រុក​បង្អែ​កមួយ បន្ទាប់ពី​ទីក្រុង​ពោធិ៍សាត់ ដែល​អាចជួយ​សម្រួល ដល់​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ជិត កាន់តែ​លឿន មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក អភិបាលខេត្ត បន្តថា ដោយ​យល់ឃើញថា ឃុំ​តា​លោ មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ ប៉ុន្តែ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីរួមស្រុក​បាកាន ពិបាក​ក្នុងការ​ធ្វើដំណើរ​មក​ទ​ទួល​សេវាសាធារណៈ​។ ឯកឧត្តម​ក៏បាន​សុំ​ការឯកភាព ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​សម្ពោធ​អាគារ​រដ្ឋបាល​ថ្មី​សាលាខេត្ត​ពោធិ៍សាត់ កាលពី​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅ​។

​សម្តេច​ក្រឡាហោម​ក៏បាន​ឯកភាព​តាម​ការស្នើសុំ ឲ្យ​បង្កើត​ស្រុក​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​បានសម្រេច​ឲ្យ​ប្រើ​ឈ្មោះថា “​ស្រុក​សំ​សាន្ត​” ។ ឯកឧត្តម​បាន​បន្ថែមទៀតថា ក្រោយ​ប្រជុំ​ពិភាក្សាគ្នា​ហើយ​នោះ លោក​នឹង​ចាត់​ឲ្យ​លោក​អភិបាលរង​ខេត្ត ២​រូប សហការ​ជាមួយ​ជំនាញ ចុះ​សិក្សា​ប្លង់​ពីលើ​អាកាស និង​ប្លង់​ខាងក្រោម នៅលើ​ផ្ទៃដី​គ្រោង​សាងសង់​តំបន់​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជិត​១០០​ហិកតា​។​

​លោក ម៉ៅ ធនិន ក៏បាន​លើកឡើង​ពី​សមិទ្ធផល​ធំៗ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ព្រមទាំង​បាន​អំពាវនាវ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​