ប៉ូលិស ៖ រឿង​របស់​សម្តេចក្រុមព្រះ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុ​ទ្ធ​សាធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ដែល​កើតឡើង​ដោយសារ​ភាគី​ម្ខាង​ទៀត​បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ផ្ទុក​មនុស្ស​លើ​ចំណុះ​និង​មាន​ល្បឿន​ហួសកំណត់​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ទាំងឡាយណា​ដែល​បាន​លើកឡើងថា​ករណីនេះ​មិនមែនជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ព័ត៌មាន​នេះ​ផ្ទុយស្រឡះ​ពី​ការពិត​និង​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ជំនាញ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដូចដែល​បានបង្ហាញ​ជូន​នេះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ​ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សូម​បដិសេធ​ទៅលើ​ព័ត៌មាន​ទាំងឡាយណា​ដែល​លើកឡើង​មិន​ត្រឹមត្រូវ​តាម​ការស៊ើបអង្កេត​នេះ​។

​បើតាម​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើយ​ដោយ​រថយន្ដ Highlander ជា​ប្រភេទ​រថយន្ដឈ្នួល​ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ មកកាន់​រាជធានី​ភ្នំពេញ​។
​រថយន្ដ​បង្ក​នោះ បាន​ផ្ទុក​មនុស្ស​លើស​ចំណុះ​ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​លើស​កំណត់​(១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​)​ដែលនាំអោយ​មានការ​ពិបាក​ក្នុង​ការបញ្ជា​យានយន្ដ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​រៀបរាប់ថា​បើតាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​នៅ​មុនពេល​កើតហេតុ រថយន្ដ​បង្ក​បាន​ឡើង​វ៉ា​រថយន្ដ​មួយគ្រឿង​ម៉ាក Lexus RX300 ស្រាប់តែ​ពេល​កំពុង​ឡើង​វ៉ា​នោះ​ក៏​ពើបប្រទះ​នឹង​រថយន្ដ​ក្បូន​របស់​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម រណឫទ្ធិ ដែល​កំពុងតែ​បើក​ច្រាសទិស​គ្នា​ហើយ​អ្នកបើកបរ​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​ដើម្បី​វ៉ា​អោយ​ផុត​ហើយ​គេច​ចូលមក​ខាងស្ដាំ​ដៃ​វិញ ។
​ពេលនោះ​រថយន្ដ​បានគេច​ជ្រុល​មក​ខាងស្ដាំ​បណ្ដាលអោយ​ធ្លាក់​ផ្លូវ​មួយ​ចំហៀង​ហើយ​អ្នកបើករថយន្ដ​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​វិញ​ស្រាប់តែ​ព្រះទីនាំង​របស់​សម្ដេចក្រុមព្រះ​មកដល់​ក៏​បុក​ពេញទំហឹង​តែម្ដង ។​

​យ៉ាងណាមិញ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បានសម្រេច​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ឈ្មោះ ម៉ិ​ល សារ៉េត អាយុ​៣៤​ឆ្នាំ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​បណ្តាលអោយ​ទ្រង់​រងរបួស​ធ្ងន់​និង​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព ។
​តុលាការ​បានសម្រេច​ចោទប្រកាន់ អ្នកបើកបរ​រថយន្ដ​តាក់ស៊ី ពីបទ​បើកបរ​ធ្វេសប្រហែស បណ្តាល​របួស​និង​ស្លាប់​អ្នកដទៃ​។​

​សូមបញ្ជាក់ថា​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​។ សព​អ្នក​ម្នាង ត្រូវបាន​រៀបចំ​ពិធី​បូជា​រួចរាល់​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ ខណៈដែល​សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​បាងកក ដោយ​មិនបាន​ទទួលដំណឹង​នៃ​មរណភាព​នេះ​ទេ​៕​