តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ជំរុញ​ឲ្យ​យុវជន​ខិតខំ​សិក្សា​យកចំណេះ​ដឹង​ទៅ​បម្រើ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​កំពង់ចាម ៖ ប្រទេសជាតិ​មួយ​កាន់តែ​រីកចំរើន គឺ​កាន់តែ​ត្រូវការ​នូវ​ធនធាន​ខាង​ខួរក្បាល ពោលគឺ​ធនធាន មនុស្ស​ដែល​បានទទួល​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​សមត្ថភាព ទើប​អាច​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ដូច្នេះ​សូមអោយ​យុវជន​ខិតខំ​សិក្សា​រៀនសូត្រ​អោយទទួល​បាន​ចំណេះដឹង ខ្ពង់ខ្ពស់ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី ជា​អ្នក​បន្តវេន​ក្នុងការ​ដឹកនាំ និង​កសាង​ជាតិ​នា​ថ្ងៃ​អនាគត​។

​នេះ ជា​សំណូមពរ​របស់លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ អោយប្រើ​ប្រាស់​អគារសិក្សា ១​ខ្នង ៣​បន្ទប់​តម្លៃ​ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក ដែលជា​អំណោយ​ផ្ទាល់​របស់ ឯកឧត្តម និង​លោកជំទាវ​នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល វី​ឌូ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ពពេល ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា នេះ​។​

​លោក កែវ ពិសិដ្ឋ បាន​គូសបញ្ជាក់ថា ពិត ធនធានមនុស្ស​សម្រាប់​កសាង​សេដ្ឋកិច្ច និង​សង្គម កម្ពុជា គឺ​ត្រូវបាន​កាប់សម្លាប់​ស្ទើរ​គ្មាន​សល់​ដោយ​របប​អាវខ្មៅ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។

​នៅក្រោយ​ថ្ងៃ រំដោះ ៧ មករា ១៩៧៩ កម្ពុជា​បាន​ខិតខំ​ស្តារឡើងវិញ​នូវ​វិស័យ​អប់រំ ដើម្បី​បណ្តុះបណ្តាល​ធនធាន មនុស្ស ហើយ​ជា​បន្តបន្ទាប់​យើង​សម្រេចបាន​នូវ​គោលដៅ​នៃ​ការបណ្តុះបណ្តាល​នេះ ដោយ​ក្នុង​១​ឆ្នាំៗ យើង​មាន​និស្សិត​រាប់ពាន់នាក់​បានបញ្ចប់​ការសិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ពួកគេ​បានក្លាយ​ទៅជា ធនធាន​ខួរក្បាល​ដ៏​មាន​សារៈសំខាន់ ហើយ​បាន និង​កំពុង​រួម​ចំ​ណែ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​អោយ ទទួលបាន​ការរីកចំរើន​ជា​បន្តបន្ទាប់​ដូច​សព្វថ្ងៃ​នេះ​។​

ដោយឡែក​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អា​ណិ​ត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​លោក កែវ ពិសិដ្ឋ មានប្រសាសន៍ថា ជាការ​បោះឆ្នោត​ដោយ​សេរី​ស្រប តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​ការបោះឆ្នោត​នេះ​មាន​គណបក្សនយោបាយ​ចំនួន ២០​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ដណ្តើម​កៅអី​របស់​រដ្ឋសភា​ចំនួន ១២៥​នៅតាម​ប​ណ្ឌ​ល​រាជធានី ខេត្ត​ទាំង ២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​បាន​អំពាវនាវ​អោយ​បងប្អូន​ដែលមាន​ឈ្មោះ​បោះ ឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​អោយបាន​គ្រប់ៗ​គ្នា ដោយ​បងប្អូន​អាច​បោះឆ្នោត​ជូន​គណបក្សនយោបាយ ណាមួយ​ដែល​ខ្លួន​ពេញចិត្ត ដែល​ការបោះឆ្នោត​នេះ​ជាការ​ឆ្នោត​ដោយ​សំងាត់ គ្មាន​នរណាម្នាក់​អាច​ដឹងថា បងប្អូន​បាន​បោះ​អោយ​គណបក្ស​ណាមួយ​ឡើយ​។​

​សូម​ជម្រាបជូន​ថា​៖ ក្នុង​ពិធី​នេះ​លោក កែវ ពិសិដ្ឋ ក៏បាន​ដាក់អោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មួយ ក្រុម​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕