អធិការបតីអាល្លឺម៉ង់ សន្យា​ផ្ដល់​កម្ចី​100​លាន​ដុល្លារឲ្យ​ហ្សកដានី ខណៈ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​អធិការបតី អាល្លឺម៉ង់ លោកស្រី អង់​ជី​ឡា មឺ​កែ​ល បាន​សន្យា​ផ្ដល់​កម្ចី 100 លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស ហ្សកដានី ជា​ប្រទេស​ដែល​កំពុង​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច ហើយ​កម្ចី​នេះ បំណង​ជួយ​ដល់ ហ្សកដានី ឲ្យ​ធូរស្រាល​ឡើងវិញ ក្រោយ​មានការ​តវ៉ា​យ៉ាងខ្លាំង​របស់​ប្រជាជន ប្រឆាំងនឹង​កំណែទម្រង់​ហិរញ្ញវត្ថុ ដែល​ប្រជាជន​អះអាងថា បណ្ដាល​ឲ្យ​ជីវភាព​របស់​ប្រជាជន​ជួបនឹង​ការលំបាក​កាន់តែខ្លាំង ។​

​លោកស្រី មឺ​កែ​ល បាន​ទៅដល់​ទីក្រុង បេ​រូត ប្រទេស ហ្សកដានី ក្នុង​ចំ​ណើ​រ​ទស្សនកិច្ច​រយៈពេល​ពី​រ​ថ្ងៃ ទៅកាន់​ប្រទេស​ដែល​ទទួលយក​ជនភៀសខ្លួន ស៊ី​រី រាប់ម៉ឺន​នាក់ ដោយ​ជួប​ជាមួយ​មេដឹកនាំ និង មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​មន្ត្រី​អង្គការ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ ។ លោកស្រី មឺ​កែ​ល និយាយថា មូលនិធិ​នឹង​ជួយ​ដល់​ប្រទេស ហ្សកដានី ក្នុង​ដំណើរការ​កំណែទម្រង់សេដ្ឋកិច្ច​គាំទ្រ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ។

​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស ហ្សកដានី បាន​កែប្រែ​ការ​គោលនយោបាយ​រឹតបន្តឹង​ការចំណាយ​មួយចំនួន ដូចជា​បោះបង់​ច្បាប់​ពន្ធ​លើក​ប្រាក់ចំណូល ដែលជា​ចំណុចកណ្ដាល​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​ទូទាំងប្រទេស រយៈពេល​ជិត​ពីរ​សប្ដាហ៍ និង​ជាការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុងប្រទេស ហ្សកដានី រយៈពេល​ច្រើន​ទសវត្ស​កន្លងទៅនេះ ។

​ហ្សកដានី កំពុង​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច ចំណែក​បំណុល​មាន​អត្រា​ខ្ពស់​ប្រៀបធៀប​នឹង​ផលិតផល​សរុប ញ៉ាំង​ឲ្យ​មាន​វិធានការ​កំណែទម្រង់សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​រយៈពេល 29 ឆ្នាំ ជា​កំណែទម្រង់​គាំទ្រ​ដោយ​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​៕​