លោក ម៉ម ប៊ុននាង ​សំណេះសំណាល ជាមួយ​ពលរដ្ឋ​៤៧៣​នាក់​ ​នៅ​ស្រុក​កៀនស្វាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល ជាមួយ​ប្រជាពលរដ្ឋ មកពី​ភូមិ​កំពង់ស្វាយ ភូមិ​ព្រែក​តាន​ប់ និង​ភូមិ​ព្រែក​តាន​ប់​២ សរុប​ចំនួន​៤៧៣​នាក់ ព្រមទាំង​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​អ្នកជំងឺ​តាម​ខ្នង​ផ្ទះ ស្ថិតក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ។

​លោក ម៉ម ប៊ុននាង បាន​មានប្រសាសន៍ថា បងប្អូន​ស្រលាញ់​សន្តិភាព ដូច្នេះ​ត្រូវការពារ​សន្តិភាព អោយបាន​គង់វង្ស ព្រោះថា សន្តិភាព​នេះ គឺ​មិនមាន​បរទេស​ណា​លើកយក​មកឱ្យ​កម្ពុជា​នោះទេ គឺ​មានតែ​កិច្ចខិតខំ​ប្រឹងប្រែង​បូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​ដើម្បីឱ្យ​សន្តិភាព​នៅ​គង់​វង់​យូ​អង្វែង​បាន​ទាល់តែ​ទាំងអស់គ្នា​រួមគ្នា​ការពារ ដូចដែល​ស្ថាបនិក​សន្តិភាព គឺ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដ៏​ឈ្លាសវៃ ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ ឈ្នះ​ឈ្នះ ធ្វើ​ឲ្យ​គ្រប់ភាគី​ខ្មែរ​ទាំងអស់​បាន​ត្រូវរ៉ូវ​គ្នា និង​បាន​ផ្លាស់ប្ដូរ​កម្ពុជា ពី​សមរភូមិ នៃ​សង្គ្រាមរ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី​ទៅជា​ប្រជាជាតិ​មួយ ដែលមាន​សុខសន្ដិភាព សេរីភាព ឯកភាព ស្ថេរភាព អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ហើយ​ជីវភាព​ប្រជាជន​ត្រូវបាន​លើកកម្ពស់​ជា​បន្ដបន្ទាប់​។​

​លោក ម៉ម ប៊ុននាង បាន​បន្តថា ស្របតាម​ការអភិវឌ្ឍ​ន៍​របស់​ប្រទេសជាតិ ក្មួយៗ បងប្អូន​កម្មករ កម្ម​ការ​នី និង​មន្ត្រីរាជការ ត្រូវបាន​តំឡើង​ប្រាក់បៀវត្ស ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​។ ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ទើប​មាន​អ្នកវិនិយោគទុន​មក​បណ្តាក់ទុន​នៅ ប្រទេស​យើង​កាន់ តែ​ច្រើន​។

​លោក ម៉ម ប៊ុននាង បាន​សង្កត់ធ្ងន់ថា ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឱ្យបាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ ដូចជា​ជួយ​សម្រួល​ដល់​ការធ្វើ​ឯកសារ​គតិយុត្តិ​ផ្សេងៗ​នៅ​មូលដ្ឋាន ការធ្វើ​អត្តសញ្ញាណប័ណ្ណ អាត្រា​នុ​កូ​ល​ដ្ឋា​ន សំបុត្រកំណើត សំបុត្រ មរណភាព ។​ល​។

​មន្ត្រី​អនុវត្តន៍​ការងារ​ទាំងអស់​មិនត្រូវ​ទារលុយ​បន្ថែម​ពី​ប្រជាពលរដ្ឋ​នោះទេ តែ​ជំនួស វិញ​គឺ​ត្រូវខិតខំ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់ និង​ឱ្យបាន​លឿន​រហ័ស ទើប​អាច​ឆ្លើយ តប​ទៅនឹង​ការអនុវត្ត​ការផ្តល់សេវា​សាធារណៈ​មាន​ប្រសិទ្ធភាព​។
​លោក ម៉ម ប៊ុននាង ក៏បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​គៀនស្វាយ ត្រូវ​ត្រៀម​ឯកសារ​សម្រាប់ ការបោះឆ្នោត​ដូចជា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​គណៈកម្មការ ជាតិ​រៀបចំ​ការបោះឆ្នោត និង​លិខិត​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ងាយស្រួល​ទៅ​បោះឆ្នោត​ជ្រើស តាំង​តំណាង រាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ អោយបាន​គ្រប់ៗ​គ្នា​។

​លោក ម៉ម ប៊ុននាង បាន​នាំ​ថវិកា​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​នាក់​៤៧៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល ព្រមទាំង​បានផ្តល់​ថវិកា​ធ្វើ​អណ្តូងស្នប់​ចំនួន​០១​ចំណាយ​ថវិកា​អស់​៨០០,០០០​រៀល ដែល ចំណាយ ថវិកា​សរុប​ចំនួន​១២.៧១០.០០០ រៀល​(​ដប់​ពីរលាន​៧​សែន​១​ម៉ឺន​រៀល​)​។​

ក្រោយពី​ជួប​សំណេះសំណាល​រួចមក ឯកឧត្តម ប្រធាន​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ អ្នកជំងឺ​នៅតាម​ខ្នង​ផ្ទះ​ចំនួន ៤​គ្រួសារ ក្នុងភូមិ​ព្រែក​តាន​ប់ ភូមិ​ព្រែក​ដូង ភូមិ​ព្រែក​ដូង​២ និង​ភូមិ​កំពង់ស្វាយ ស្ថិតនៅ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ព្រមទាំង​បាន​នាំយក​ថវិកា​មក​ជូន​ដល់​អ្នកជំងឺ​ចំនួន ០៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន ២០០,០០០​រៀល​(​ពីរ​សែន​រៀល​) ព្រមទាំង​ឧបត្ថម្ភ ថវិកា​ចំនួន ១០០,០០០​រៀល ដល់​ប្រជា​កា​ពារ​ភូមិ និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព ចំនួន​ពីរ​គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ថវិកា​២២០,០០០​រៀល ដែល​ចំណាយ​ថវិកា​សរុប​ចំនួន ១,៤៤០,០០០​រៀល (១​លាន​៤​សែន​៤​ម៉ឺន​រៀល​)៕​