សម្តេច ហ៊ុន សែន ប្រាប់មេទ័ព​ភូមិន្ទ​ថៃ ​កម្ពុជាខំ​ប្រែក្លាយ​ព្រំដែនជា​តំបន់ សន្តិភាព និង​ការអភិវឌ្ឍ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ប្រាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ តាន​ឆៃ​យ៉ាន ស្រ៊ី​សុវណ្ណ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ភូមិន្ទ​ថៃ ថា កម្ពុជា​កំពុង​ប្រឹងប្រែង ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ទៅជា​ជា​តំបន់​ដែល​ពោរពេញ​ដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិ ការ និង​ការអភិវឌ្ឍ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នេះ ក្នុងឱកាស​សម្តេច​អនុញ្ញាត​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ តាន​ឆៃ​យ៉ាន ស្រ៊ី​សុវណ្ណ ចូល ជួប​សម្តែង​ការគួរសម​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ភូមិន្ទ​ថៃ យ៉ាង​លម្អិត​ថា កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ពីរ គឺ​ទី​១.​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅជា​តំបន់ អភិវឌ្ឍន៍ និង​ទី​២. ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ក្លាយទៅជា​តំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។ ជាមួយគ្នានេះ កម្ពុជា ក៏បាន​ខិតខំ​ជំរុញ​ការតភ្ជាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ រវាង ប្រជាជន និង​ប្រជាជន ដើម្បី​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថេរភាព ជាប្រចាំ​សម្រាប់ តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​
​ទាក់ទិន​នឹង​វិស័យ​ពាណិជ្ជកម្ម សម្តេច​តេ​ជោ បាន​ជម្រុញ​ឲ្យ​កងទ័ព​នៃ​ប្រទេស ទាំងពីរ សហ ការ គ្នា​ដើម្បី​បន្ត​ភាពជា​ដៃគូ​ល្អ និង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

ជា​កាត​ឆ្លើយតប ឯកឧត្តម តាន់ ឆៃ​យ៉ាន ជម្រាបជូន​សម្តេច​តេ​ជោ ថា ដំណើរ​ទស្សនៈកិច្ច នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​។ ក្នុងនោះ​ឯ​.​ឧ បាន​គោរព​ជម្រាប ជូន​សម្តេច​តេ​ជោ អំពី​ជំនួប​រវាង​ឯកឧត្តម ជាមួយនឹង​សម្តេច ទៀ បាញ់ និង​ឯកឧត្តម ប៊ុល សារឿន ពាក់ព័ន្ធ​នឹង​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​កម្ពុជា​និង​ថៃ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផង និង​ទស្សនៈកិច្ច រវាង​ភាគី​ទាំងពីរ​ផង​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​បន្ថែមថា នៅពេលនេះ ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ថៃ បាន​កើនឡើង​រហូត​ទៅដល់​ជាង​៦​ពាន់​លាន​ដុល្លារ​ហើយ ដូច្នេះ ភាគី​ទាំងពីរ និង​កងយោធពល នៃ​ប្រទេស​ទាំងពីរ ត្រូវ​រួមគ្នា​ការពារ និង​យកចិត្តទុកដាក់​គាំទ្រ ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជ​កម្មនេះ មាន​រយៈពេល​យូរអង្វែង​៕