ក្រសួង​ព្រមាន​ចាត់ការ​តាមច្បាប់​លើ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​« សុខភាព​បៃតង​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣ ខែមិថុនា នេះ បានចេញ​សេចក្តីជូនដំណឹង​ជា សាធារណៈ​ដល់​ប្រជាពលរដ្ឋ និង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ «​សុខភាព​បៃតង​» ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ព្យាបាល​ជំងឺ​ច្រើន ប្រភេទ ដែល​មិនបាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​។​

​តាម​សេចក្តីប្រកាស​ជូនដំណឹង​ជា​ផ្លូវការ​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ដើម្បី​ជៀស​រៀង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់ អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ឱសថ​សម្រក​ទម្ងន់ ឱសថ​ព្យាបាល​ជំងឺ សន្លាក់ និង ឱសថ​ដទៃទៀត ពិសេស ឱសថ​សម្រក​ទម្ងន់​ឈ្មោះ Caroline Capsule, Caroline Coffee និង​ឱសថ​ព្យាបាល​ជំងឺ​ឈ្មោះ OSTO ដែល​ពុំបាន​ត្រួតពិនិត្យ និង​មិន​ចុះ​បញ្ជិកា តែ​បាន​ផ្សព្វផ្សាយ​ជា​សាធ​រាណៈ​តាម រយៈ គណនី​ឈ្មោះ «​សុខភាព​បៃតង​» ។​

​សេចក្តីប្រកាស​ដដែល ក្រសួងសុខាភិបាល បាន​កំហិត​ឱ្យ​ម្ចាស់​គណនេយ្យ ហ្វេ​ស​ប៊ុ​ក សុខភាព​បៃតង ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​នាំចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ ពី​ឱសថ​សម្រក​ទម្ងន់ និង​សន្លាក់​ដែលមាន​ឈ្មោះ​ដូច​ខាងលើនេះ ។ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​គណនី​ឈ្មោះ សុខភាព​បៃតង ដែល​បាន​នាំចូល​ផ្សព្វផ្សាយ​លក់ ឬ​ចែកចាយ​ឱសថ​សម្រក​ទម្ងន់ ឈ្មោះ Caroline Capsule, Caroline Coffee និង​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់​ឈ្មោះ​OSTO ទៅតាម​ច្បាប់​ស្ដីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង ឱសថ​ជា​ធរមាន ។​

​ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ផងដែរ ប្រសិនបើ​សាធារណជន បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ឈ្មោះ Caroline Capsule, Caroline Coffee និង​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់​ឈ្មោះ​OSTO សូម​ផ្តល់ព័ត៌មាន​មក​ក្រសួងសុខាភិបាល ឬ​បើ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​ករណីនេះ សូម​ទាក់ទង​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង​គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤៕​