គ ជ ប នឹង​ជួបពិភាក្សា​ពី​កិច្ចការ​បោះឆ្នោត​ជាមួយ​ប្រធាន ​គ​.​ជ​.​ប ​អង់គ្លេសនៅ​ទីក្រុង​ឡុង​ដ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់​ប្រធាន​គ​.​ជ​.​ប ចក្រភព​អង់គ្លេស និង​តាម​ការចាត់​តាំងរបស់​ប្រធាន​គ​.​ជ​.​ប​កម្ពុជា​នោះ លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស រយៈពេល​១​សប្ដាហ៍ ដើម្បី​ជួបពិភាក្សា​ការងារ និង​ផ្លាស់ប្ដូរ​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត គ្រា​ដែល​ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ នា​ចុងខែ​កក្កដា​ខាងមុខនេះ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ដើម្បី​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​ល្អៗ​អំពី​ការបោះឆ្នោត​នៅ​ចក្រភព​អង់គ្លេស​។ អ្នកនាំពាក្យ គ​.​ជ​.​ប បន្ត ថា ការអញ្ជើញ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចក្រភព​អង់គ្លេស គឺ​សបញ្ជាក់​ឲ្យ​ឃើញ ថា ជាការ​បើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសមួយ​នៅ​អឺរ៉ុប ដែលមាន​បទពិសោធន៍​តាំងពី​បុរាណកាល​ក្នុង​ការរៀបចំ​ការបោះឆ្នោត ហើយ​ជា​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ នៅក្នុង​អង្គការសហប្រជាជាតិ​ទៀតផង​។​

​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ សកម្មភាព​ទាំងអស់នេះ គឺជា​ការខិតខំ​របស់ គ​.​ជ​.​ប សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលខាងមុខ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់ឆ្នោត​ជឿទុកចិត្ត​បាន​។​

​គួរកត់សម្គាល់ ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​គ​.​ជ​.​ប កម្ពុជា ទៅកាន់​ចក្រភព​អង់គ្លេស​ដើម្បី​ជួប​ជាមួយ​ប្រធាន គ​.​ជ​.​ប​នៃ​ចក្រភព​អង់គ្លេស​នាពេលនេះ គ្រា​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការបោះឆ្នោត​ថ្នាក់ជាតិ​អាណ​ត្ដិ​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​៕