ថៅកែ​ល្បែងភ្នាល់​តាម អន​ឡាញ ខុសច្បាប់នៅ​ក្រុង​ប៉ោយប៉ែត​ សុទ្ធតែជា​មន្ត្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018

​ប៉ោយប៉ែត ៖ ល្បែងភ្នាល់​ស៊ីសង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​ក្រុង​ប៉ោយប៉ែត កំពុង​កើតមាន​គួរ​ឲ្យ​បារម្ភ ខណៈដែល​សេវាកម្ម​ល្បែង​ទាំងនេះ បាន​ជ្រក​ក្រោម​ស្លាក អ៊ិន​ធី​ណេ​ត ២៤​ម៉ោង ដែល​គេ​ដឹងថា ​មួយចំនួនជាកម្មសិទ្ធរបស់មន្ត្រីមានអំណាច​នៅ​ពីក្រោយ​ខ្នង​។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់ថា ល្បែងស៊ីសង​ទាំងនោះ មាន​ម្ចាស់​សុ​ទ្ទ​សឹង​ជា​មន្ត្រីរាជការ និង​សមត្ថកិច្ច​ដែលមាន​អំណាចនៅក្នុង​ទីក្រុង​នេះ ជាក់ស្ដែង ដូចជា​ទីតាំង បើក​ល្បែង​មួយកន្លែងត្រូវបាន​ដែលក្មេងៗបោះបង់​ការសិក្សា​លួច​ចូល​លេង​ពពាក់ពពូន​រាល់ថ្ងៃ​។​ទីតាំង​នោះ​មាន​ម្ចាស់​ឈ្មោះ ធី ដើម​ពោធិ៍ ជាមន្ត្រី​យោធា​នៅ​ក្រុង​ប៉ោយប៉ែត​។​

​ប្រភព​ដដែល​បន្តថា បច្ចុប្បន្ន នៅតាម​អាគារ​ធំៗ ដែល​ដាក់​ប៉ាយ​ថា​ជា កាស៊ីណូ មាន​ជិត ២០​កន្លែង នេះ​មិនទាន់​គិត​ទាំង​ទីតាំង​បើក​ហ្គេម និង​ល្បែងភ្នាល់ តាម​អន​ឡាញ ខុសច្បាប់ ដែល​ជ្រក​ក្រោម​ស្លាក កាស៊ីណូ តូចៗ​រាប់សិប​កន្លែង​ទៀត​នោះ​ផង​ទេ​។ ប្រភព​បន្តថា នៅ​ចំណុច​រង្វង់​មូល​ច្រកទ្វា​អន្តរជាតិ ប៉ោយប៉ែត សព្វថ្ងៃនេះ មាន​សណ្ឋាគារ​ចំនួន​៤ ដែល​បើក​ល្បែងស៊ីសង​ខុសច្បាប់ កៀងគរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង យ៉ាង​គគ្រឹកគគ្រេង​ដោយ​ជ្រក​ក្រោម​ស្លាក កាស៊ីណូ ​ដើម្បី​នំ​ភាន់​ភ្នែក​សាធារណជន ។ ក្រៅពីនោះ ក៏​នៅមាន​កន្លែង​ល្បែង​ហ្គេម​ និង​ល្បែងភ្នាល់​តាម អន​ឡាញ ជាច្រើន​ទីតាំង​ទៀត មានដូចជា​៖ ទី​១ ៖ ល្បែង អន​ឡាញ នៅ​ចំណុច​ផ្លូវ ដើម​ពុទ្ទ្រា នៅក្បែរ​ហាង​នំ​បុ័ង កៅ​កៃ ប្រហែល​៣០​ម៉ែត្រ ទល់មុខ​នឹង​ហាង មី​ប្រេន​ហឹរ ឬ​ទល់មុខ ប្រេន​រោងកុន ស្ថិតក្នុង ភូមិ​ក្បាលស្ពាន ជា​កម្ម​សិទ្ធ​របស់​ថៅកែ​ឈ្មោះ រស់ សា​ហាន ជា​មន្ត្រី​ប៉េអឹម​។​ទីតាំង​ហ្គេម ទី​២ ស្ថិតនៅ​ខាងកើត​ស្តង់​ជ្រូក ប្រហែល​១០០ ម៉ែត្រ ទល់មុខ​ហាង «​រដ្ឋា អ៊ុតសក់ » ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ ។ ទីតាំង អន​ឡាញ ទី​៣ ស្ថិតនៅ​ជិត​សាលារៀន ហូប​ប្រែ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ មាន​ថៅកែ​ឈ្មោះ ធី ដើម​ពោធិ៍ ជា​មន្ត្រី​យោធា​។

​ប្រភព​ដដែល​បន្តទៀត​ថា ល្បែង​ទាំងអស់នេះ ត្រូវគេ​រិះគន់​តៗ​គ្នា​ថា មាន​លោក​មេ​បញ្ជាការ​រង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជា​អ្នក​នៅ​ពីក្រោយ​។
​ចំណែក​ទីតាំង​អន​ឡាញ ទី​៤​មាន យីហោ «Maxbet 988.com. AEC »​ប្តូរប្រាក់ នៅលើ​កំណាត់​ផ្លូវ​ដើម​ពុទ្ទ្រា ឬ​ហៅថា​ផ្សារ​រាត្រី​។​

​សូមជម្រាបថា កន្លងមក ប្រជាពលរដ្ឋ​ជាច្រើន បាន​និយាយ​រិះគន់​កប់ៗ​មាត់ ចំពោះ​មន្ត្រី​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន បាន​ប្រើប្រាស់​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​លួច​បើក​បន​ល្បែងស៊ីសង ឬក៏​ឈរឈ្មោះ​កាង​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក ឬ​ចែក​ភាគ​ផល​ដោយ​មិនចាំបាច់​ដាក់​ភាគហ៊ុន​។​

ដោយសារតែ​បន​ល្បែង​នៅ​ជ្រក​ក្រោម​អំណាច​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​ដូច​ន្នេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ថ្នាក់ក្រោម​មិន​ហ៊ាន​ចុះបង្ក្រាប​ទេ ហើយ​បើ​បាន​ទៅ​ទីនោះ គឺ​ទៅសុំ​តែ​លុយ​ថ្លៃ​កាហ្វេ​ខ្មៅ​ប៉ុណ្ណោះ ព្រោះ​ខ្លាច​ថ្នាក់លើ​ដែល​ស្និទ្ធ​នឹង​ថៅកែ​ល្បែង​ដឹង គេ​ហៅ​ទៅ​អប់រំ ឬ​ដក​បញ្ឈរជើង​លេង​។​

​គួរ​ជម្រាប​ផងដែរថា សព្វថ្ងៃនេះ នៅក្នុង​ទីតាំង​ល្បែងស៊ីសង​នីមួយៗ គេ​សង្កេតឃើញ​ពោរពេញ​ទៅដោយ​ក្មេងៗ​ដែល​មួយចំនួន​លបលួច ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញឿ​ន ក្នុងនោះ​ក៏មាន​ក្មេងៗ​សិស្ស​គេច​សាលា​ផងដែរ​។​

​កន្លងទៅ​ថ្មី​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា បាន​អំពាវនាវ​អោយ​បង​ប្អួ​ន​ទាំងអស់​កុំ​នាំគ្នា​ទៅលេង​ការ​ភ្នាល់​តាមរយៈ​ការចាក់​បាល់ និង​ហ្គេម​អន​ឡាញ​ផ្សេងៗ​ទៀត ខណៈ​រដូវ​កាល វល​ខាប់​(World Cup) បាន​ខិតចូល​មកដល់ ហើយ​ហាម​ដាច់ខាត​កុំ​យកលុយ មាស ឬ​របស់របរ​មានតម្លៃ​ទៅ​ភ្នាល់​ចាក់បាល់​អោយសោះ និង​ចាត់ទុក​ការទា​ត់បាល់​ដែល​ស្ថិត​ត​ក្នុង​រដូវ World Cup នេះ គ្រានតែ​ជា​កីឡា​ទុក​ទស្សនា​កម្សាន្ត​ប៉ុណ្ណោះ​។​

​ទា​ក់ទន​នឹង​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ដូចខាងលើ​នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនទាន់​ទទួលបាន​ការពន្យល់​ពី​លោក ធិ​ន ស៊ិន​ដេ​ត អធិការ​ក្រុង​ប៉ោយប៉ែត​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា កន្លងទៅនេះ​៕