ដឹក​ប្រពន្ធ​ទៅលេង​កូន​នៅ​ស្រុកកំណើត ត្រូវ​រថយន្តបុក​កិន​ប្រពន្ធ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ជា​ប្តី បាន​ឌុប​ប្រពន្ធ​ធ្វើដំណើរ​បំណង​នាំគ្នា​ទៅលេង​ស្រុកកំណើត តែ​បែរជា អកុសល ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ទាក់​ដៃ​ម៉ូតូ​របស់ខ្លួន​ជាមួយនឹង​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ធ្លាក់​ស្ត្រី​ប្រពន្ធ ហើយ​ត្រូវ​រថយន្ត​សាធារណៈ​ក្រុង​ដឹក​អ្នកដំណើរ​មកពី​ក្រោយ បុក​កិន ចំក្បាល​បណ្តាលអោយ​ស្លាប់​ភ្លាមៗ ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​។ ហេតុការណ៍​នេះ បាន កើតឡើង​នៅវេលា​ម៉ោង ១៧​និង​២៥​នាទី ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០១៨ នៅលើ​ស្ពាន ជ្រោយចង្វា​ថ្មី សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បុរស​ជា​ប្តី​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ប្រពន្ធ​របស់គាត់​មានឈ្មោះ ម៉ី ស្រី​ពៅ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មការិនី រោងចក្រ ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង ជាមួយគ្នា​។ មុនពេល​កើតហេតុ គាត់​ជា​ប្តី និង​ប្រពន្ធ បាន​ជិះ​ម៉​តូ​ឌុប​គ្នា​ចាក​ចេញពី​បន្ទប់​ជួល ដើម្បី​ទៅលេង​កូន​នៅឯ​ស្រុកកំណើត នៅ​ស្រុក ពារាំង ខេត្តព្រៃវែង ប៉ុន្តែ​ពេលដែល​មកដល់​លើ​ស្ពាន​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ស្របពេល ដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​ផង​នោះ គឺ​ម៉ូតូ​របស់គាត់​បាន​ទាក់​ដៃចង្កូត​ជាមួយនឹង​រ៉ឺម៉ក់​កង់​បី បណ្តាល​ឲ្យ​ធ្លាក់​ប្រពន្ធ​របស់​ពីលើ​ម៉ូតូ ខណៈនោះ​ក៏មាន​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​មកពី​ក្រោយ ក៏​បុក​កិន​ប្រពន្ធ​ពីក្រោយ​តែម្តង​។

​បុរស​ដដែល​បន្តទៀត​ថា ភ្លាមៗ​នោះ គាត់​បាន​ស្ទុះ​ទៅ​លើក​ប្រពន្ធ​គាត់​ឡើង តែ​ជា​អកុសល ប្រពន្ធ​របស់គាត់​ក្រូ​វ​បាន​រថយន្ត​កិន​ចំក្បាល​ស្លាប់បាត់​ហើយ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច ខ្លួន​បាត់ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ រីឯ ម៉ូតូ​កង់​បី ក៏​គេច​បាត់​ដែរ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា ពណ៍​ខ្មៅ ស្លាក​លេខ កណ្តាល​១B-៨១២៤​។ រីឯ​រថយន្ត​មនុស្ស ស្លាប់ នោះ ជា​រថយន្តក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ មាន​ស្លាក​លេខ រដ្ឋ ៣៧-៣-០០១៧ ។​

​ក្រោយពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្ស​ទុក​បណ្តោះអាសន្ន ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​បុរស​ដែលជា​ប្តី​ដឹក​យកទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​