អគ្គី​ភ​យ័​ឆាបឆេះ​ផ្ទះ​​អស់​២០​ខ្នង​ទាំង​ព្រឹក នៅ​ខណ្ឌមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2018 ក+ ក-

​ភ្នំពេញ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​២០ ខ្នង​ស្មើនឹង​៣១​គ្រួសារ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នេះ នៅ​ភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ ពុំទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ តែ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែលមាន​វត្តមាន​តាំងពី​អគ្គិភ័យ​ឆាបឆេះ​រហូតដល់​រលត់ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា លំនៅឋាន​ដែល​ឆាបឆេះ ជា​លំនៅឋាន​សង់​ជាប់​គ្នា យ៉ាង​រដឹក​តែម្តង ។ ក្នុង​ហេតុការណ៍​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។​

​លោក បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ ឆាបឆេះ​អស់​រយៈពេល​១​ម៉ោង​ដោយ​កម្លាំង​ប្រើប្រាស់ រថយន្ត ពន្លត់​អគ្គិភ័យ​អស់​២៧​គ្រឿង ក្នុងនោះ​៥​គ្រឿង មកពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២ គ្រឿង​ទៀត​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ អណ្តាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅវិញ នៅវេលា​ម៉ោង​៦៖២០​នាទី ។

​ក្នុង​ការចុះ​អន្តរាគមន៍ កម្លាំង​ជំនាញ​អគ្គិភ័យ មានការ​លំបាក​ខ្លាំង ព្រោះ​ស្ថានភាព​ផ្លូវ​នៅ​តំបន់​កើត ហេតុ​ជា​ផ្លូវ​មាន​លក្ខ​ណះ​តូចចង្អៀត ពិបាក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ ចូលទៅ​អន្តរាគមន៍​បាញ់ ទឹក​ពន្លត់ ដូច្នេះហើយ​ត្រូវ​ប្រើពេល​យូរ​៕​