បង្ក្រាប​គ្រឿងញៀន​១២០​គ​.​ក្រ ដឹក​តាម​ឡានក្រុង​ពី​ឡាវ​ ចូល​ខេត្តស្ទឹងត្រែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2018 ក+ ក-

​ស្ទឹងត្រែង ៖ បុរស​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក អ៊ិ​ច​ស្ដា​ហ្ស៊ី ចំនួន​១២០​ដុំ​ស្មើនឹង ១២០​គីឡូក្រាម​នៅ​តំបន់​ច្រកទ្វារព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​២ ៖ ៣៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដែល​ដឹកនាំ​ការបង្ក្រាប​នេះ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ប្រតិបត្តិ​ការណ៍​ភ្លាមៗ​។​

​លោក​បញ្ជាក់ថា ក្នុងការ​បង្ក្រាប​នេះ ប៉ូលិសអន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ចំនួន​៣​នាក់​ដែល​ពួកគេ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ ចូល​ប្រទេស​មក​កម្ពុជា​ដោយ​តាម​រថយន្តក្រុង​ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ បានបញ្ជាក់​ទៀតថា ករណីនេះ ត្រូវ​បន្តធ្វើ​ការស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត ហើយ​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក​អភិបាលខេត្ត ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​៕