ភ្នំពេញ សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ថ្មី នៅក្រោម​សួនច្បារ​ខាងលិច​វត្តភ្នំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2018 ក+ ក-

​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នៅ​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ ដែល​ស្ថិតនៅ​ខាងលិច​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​ប៉ានី​យ៉ា​រ៉ា​ក់ព​ល់​ធុ​ប​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ថៃឡង់​ដ៏​ប្រចាំ​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ លោក ឃួ​ង ស្រេង បាន​លើកឡើងថា នៅ​រាជធានី​ភ្នំពេញ មាន​សួនច្បារ​ជាច្រើន ក្នុងនោះ​មាន​សួនច្បា​មួយ ដែលជា​សួនច្បារ​និមិត្តរូប នៃ​ចំណងមិត្តភាព សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ កម្ពុជា​- ថៃ ដោយ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បានរួម​គ្នា​ដាំ​ដើមឈើ​ជា​និមិត្តរូប នៅលើ​សួន​នេះ​។ ប៉ុន្តែ​ជា​គម្រោង​សម្រាប់​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ទីតាំង​សួនច្បារ​នេះ ត្រូវ​សាងសង់​ចំណត់​រថយន្ត នៅ​ផ្នែក​ខាងកើត ដែល​ទាមទារ​ឱ្យមាន​ការរុះរើ​សួនច្បារ​ចាស់​ចេញ​។​

​លោក អភិបាល​បញ្ជាក់ថា ក្រោយ​ការស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ហើយ នឹង​ស្ថាបនា​សួន​ឡើងវិញ ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម ហើយ​មាន​ក្រុម​អ្នកបច្ចេកទេស​មកពី​ប្រទេស​ថៃ មក​មើល​ផងដែរ​។ ការរុះរើ​សួនច្បារ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នេះ វា​មិន​ប៉ះពាល់ ដល់​ដើមឈើ​ប្រភេទ​ធំៗ ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ដាំ​នោះទេ ដោយហេតុថា ដើមឈើ​ទាំងនោះ ស្ថិតនៅលើ​សួនច្បារ​ប៉ែក​ខាងលិច​ប៉ុណ្ណោះ​។​

​ក្រៅពី​ការលើកឡើង​ខាងលើ លោក ឃួ​ង ស្រេង នូវ​បានលើកឡើង​ពី​ការរីកចំរើន របស់​រាជធានី​ភ្នំពេញ ចេញពី​បាតដៃ​ទទេ ក្រោយ​របប​ប្រល័យពូជសាសន៍ ដែល​ពេលនេះ​មាន​សំណង់​អគារ​​ខ្ពស់ៗ ផ្លូវថ្នល់ ស្ពាន​អាកាស សាលា វត្ត​អារាម​ជាច្រើន ខណៈដែល​កំណើន​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​លំដាប់ ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការវិវត្ត​ន៍​រីកចំរើន ពិសេស​លើ​វិស័យ​អចលនទ្រព្យ​។ ទន្ទឹមនឹង​ការរីកចំរើន​នេះហើយ បានជា​រាជធានី​ភ្នំពេញ ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​បញ្ហា​កកស្ទះ​ចរាចរ បញ្ហា​សំរាម និង​គ្រឿងញៀន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​គិតគូរ និង​ដោះស្រាយ​ជា​បន្តបន្ទាប់​។​
​លោក ប៉ានី​យ៉ា​រ៉ា​ក់ព​ល់​ធុ​ប បានលើកឡើង​ផងដែរ​ថា ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់រាជ​ធានី​ភ្នំពេញ ដែលមាន​កង្វះ​ចំណតរថយន្ត នៅ​ចំពោះមុខ​នោះ ភាគី​ថៃ មិនមាន​អ្វី​ទំ​ទាស់​នោះឡើយ គ្រាន់តែ​ស្នើឱ្យ​អ្នកជំនាញការ​រួមគ្នា​សិក្សា​ឱ្យបាន​ល្អិន​ល្អ ដើម្បី​រក្សា​ឱ្យបាន​នូវ​ទ្រង់ទ្រាយ​ដើម របស់​សួន​មិត្តភាព កម្ពុជា​-​ថៃ​នេះ​។​

​ជាមួយគ្នា​នោះ ឯកអគ្គរាជទូត ក៏បាន​ស្នើឱ្យ​ប្រតិភូ រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធន៍ នៅ​ទីក្រុង​បាងកក នៅពេល​ខាងមុខនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក បាន​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយគ្នា តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​ភាគី​ទាំងពី​ចង់ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​ល្អប្រសើរ​ថែមទៀត​៕