មិនទាន់​រកឃើញទេ ​កីឡាករ​ថៃ​១២​នាក់ និង​គ្រូ​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2018 ក+ ក-

​បាងកក ៖ ក្រុម​អ្នកជំនាញ​រុករក​ក្រោម​រូងភ្នំ​បីនាក់ មកពី​អង់គ្លេស កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាម​ស្វែងរក​ក្មេង​ជំទង់ ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ក្នុង​រូង​ល្អាង​ភ្នំ​មួយ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ តាំងតែ​ពីថ្ងៃ​សៅរ៍​មកម្ល៉េះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Nation នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។​

​ក្មេង​ជំទង់ ១២​នាក់ ដែលជា​កីឡាករ​បាល់ទាត់​មកពី​ក្លឹប មូ​ប៉ា (Mu Pa Academy) និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំងតែ​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មកម្ល៉េះ រីឯ​ក្រុម​អ្នក​ជួយសង្គ្រោះ​ជឿជាក់ថា អ្នក​ទាំងនេះ​កំពុង​ជាប់​នៅក្នុង​រូងភ្នំ ថា​ម​លួង ណា​ង ណុន (Tham Luang Nang Non) ដែល​ស្ថិត​ភាគ​ជើង​នៃ​ខេត្ត ឈៀង​រ៉ៃ (Chiang Rai) និង​ជា​រូងភ្នំ​វែង​ជាងគេ​បំផុត​ទី​០៤ របស់​ថៃ​។​

​ក្មេង​ទាំងនេះ​មាន​អាយុ​ចន្លោះ​ពី ១១​ឆ្នាំ ដល់ ១៦​ឆ្នាំ ហើយ​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​មាន​អាយុ ២៥​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា មិនអាច​ចាកចេញ​ពី​រូងភ្នំ​នេះ​បានឡើយ នៅ​មុនពេល​មានទឹក​ជន់​លិច ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​កំពុង​បង្ក​ការរំខាន​ដល់​ក្រុម​អ្នក​ជួយសង្គ្រោះ​។​

​ប៉ុន្តែ​យ៉ាងណា មកទល់ពេលនេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​បន្ត​ធ្វើឡើង ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ​ផ្ទាល់ លោក អនុពង្ស ផាវ​ចិន្តា (Anupong Paochinda) បានឱ្យដឹងថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ចាប់ផ្តើម​ជីក​ប្រហោង​មួយ​ចូលទៅ​កាន់​រូងភ្នំ ដើម្បី​ចូលទៅ​ដល់ កន្លែង​អ្នក​បាត់​ខ្លួន​។ លើសពីនេះទៅទៀត ក្រុម​អ្នកជំនាញ​រុករក​ក្រោម​ល្អាង​ភ្នំ​បីនាក់ មកពី​អង់គ្លេស ដែល​មកដល់​ប្រទេស​ថៃ​កាលពី ថ្ងៃ​ពុធ រួមទាំង​ក្រុម​កុម្ម៉ង់ដូ​ពិសេស​អាមេរិក SEAL ក៏​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះដែរ ជាមួយ​ក្ដី​រំពឹងថា​អាច​នឹង រកឃើញ​អ្នក​បាត់​ខ្លួន​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា យោធា​ថៃ ក៏បាន​ដាក់ពង្រាយ​ទាហាន​របស់ខ្លួន​ច្រើនជាង ១,០០០​នាក់ ឱ្យទៅជួយ​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាំង ១២​ក្រុម ផងដែរ​ខណៈ​ការបាត់​ខ្លួន​របស់​ជង​រងគ្រោះ បាន​ឈាន​ចូលដល់​ថ្ងៃទី​០៥​ហើយ​៕​