កម្ពុជា​នាំចេញ​កង់​ជាង​១,៤​លាន​គ្រឿងទៅ​ទីផ្សារ​សហភាព​អឺរ៉ុប នាំមុខកោះ តៃវ៉ាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា ឆ្នាំ​២០១៧ បាន​នាំចេញ​កង់​ល្អ​បំផុត​ទៅ​ប្រទេស​ទាំង​២៨ នៃ​សហភាព​អ៉ឺ​រ៉ុ​ប ដែល​បាន​ជំរុញ​ឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំចេញ​កង់​ច្រើនជាងគេ​ទៅកាន់​ទីផ្សារ ដោយ​ជំនួស​តំណែង​ទី​១ របស់​កោះ​តៃវ៉ាន់ ដែលជា​អ្នក​នាំចេញ​កង់​ច្រើនជាងគេ​ទៅ EU អស់​រយៈពេល​ជាង ២០​ឆ្នាំ ជា​បន្តបន្ទាប់​។​

​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​គេហទំព័រ Bike-EU.com ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា នេះ បង្ហាញថា ប្រទេស​កម្ពុជា បាន​នាំចេញ​កង់​ចំនួន​ជាង​១​លាន​៤​សែន​២​ម៉ឺន​គ្រឿង នៅក្នុង​ឆ្នាំ​២០១៧ ទៅកាន់​ទីផ្សារ​សហភាព​អ៊ឺរ៉ុប ដែលមាន​ប្រទេស​ទាំង​២៨​។ ចំនួន​នាំចេញ​កង់​នេះ​បាន​កើនឡើង ៩ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦ ដែលមាន​ចំនួន​ជិត ១​លាន​៣​សែន​គ្រឿង​។

​ចំណែក កោះ​តៃវ៉ាន់​ដែលជា​អ្នក​នាំចេញ​កង់​លេខ​មួយ​ទៅ EU កន្លងមក​បាន ធ្លាក់ចុះ​១៥ ភាគរយ មក​នៅត្រឹម​ជាង​១​លាន​៣​សែន ក្នុង​ឆ្នាំ​២០១៧ គឺ​បរិមាណ​នាំចេញ​បាន​ថយចុះ​ជាង​កាលពី​ឆ្នាំ​២០១៦ ដែលមាន ១​លាន​៥​សែន​៦​ម៉ឺន គ្រឿង​។ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ក៏​ធ្លាប់បាន​បញ្ជាក់ថា ការផលិត​កង់​របស់​កម្ពុជា​បាន​ផ្លាស់ប្តូរ​ជា​បណ្ដើរៗ​ពី​ការ​នាំចូល​គ្រឿងបន្លាស់​សម្រាប់​ការដំឡើង​ទៅជា​ឧស្សាហកម្ម​មួយ​ដែល​ផលិត​គ្រឿង​ផ្គុំ​ក្នុងស្រុក​កាន់តែច្រើន​។​

វិធានការ​នេះ​បាន​ជួយ​កម្ពុជា​អាចបំពេញ​លក្ខខណ្ឌ​តម្រូវ​ពី​សហភាព​អឺរ៉ុប ដើម្បី​នាំចេញ​កង់​ដោយ​រួច​ពន្ធ​។ កង់​ដែល​ផលិត​នៅ​កម្ពុជា​អាច​ចូលទៅ​សហភាព​អឺរ៉ុប​ដោយ​រួច​ពន្ធ ដោយសារ​ការកែសម្រួល​លក្ខខណ្ឌ​ច្បាប់​ដែល​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ ២០១៤ ដែល​តម្រូវ​ឲ្យ​មាន​គ្រឿង​ផ្គុំ​៣០ ភាគរយ​ផលិត​នៅ​កម្ពុជា ទើប​អាច​នាំ​ចេញទៅ​EU ដោយ​ស្ថិតក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ ការអនុគ្រោះ​ពន្ធ​នេះ​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាក់បញ្ចូល​គ្រឿងបន្លាស់​ពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ជា​គ្រឿង​ផ្គុំ​ក្នុងស្រុក​។ ប៉ុន្តែ​ការលើកលែង​គ្រឿង​ផ្គុំ​ក្នុងស្រុក​អប្បបរមា​ត្រូវផុត​កំណត់​កាលពី​ឆ្នាំ​២០១៧ ទើប​រាជរដ្ឋាភិបាល​កំ​ពុង​ស្វែងរក​ការបន្ត​រយៈពេល ៣​ឆ្នាំ​ទៀត​ដើម្បី​ការពារ​ឧស្សាហ​កម្មនេះ​។

​ភាគច្រើន​នៃ​ក្រុមហ៊ុន​ផលិត​កង់​ទាំងអស់​នៅ​កម្ពុជា​មកពី​កោះ​តៃវ៉ាន់ ហើយ​មាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន ក្នុងប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ផលិត​កង់​ចំនួន​៥ ដែលមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៕