ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ចាប់ផ្តើម​សាងសង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ ដែលមាន​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​អាមេរិក នៅ​រសៀល​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រា​រព​ពិធី​ក្រុង​ពាលី ដើម្បី សុំ​សេចក្តីសុខ ពី​ម្ចាស់​ទឹក ម្ចាស់​ដី សម្រាប់​ដំណើរការ​សាងសង់ ដែល​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន សាងសង់​នៅ​ថ្ងៃទី​២៩ ខែ មិថុនា​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី រង្វង់​មូល​ចោមចៅ​នេះ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ម៉ៅការ គឺ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ក្រោម​គម្រោង របស់​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ក្នុង​រយៈពេល​៣០​ខែ​។​

​បើតាម​អ្នកបច្ចេកទេស នៃ​មន្ទីរ​សា​ធារ​ការបង្ហាញ​នូវ​លក្ខណៈ​បច្ចេកទេស នៃ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី រង្វង់​មូល​ចោមចៅ​នេះ គឺមាន ស្ពាន​ទី​១៖ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប​៤០៨​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ដែលមាន​ចរាចរ​ពីរ​គន្លង​ទៅ នឹង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤,៥​ម៉ែត្រ និង​មាន​កម្ពស់ អតិបរមា ដែល​អាច​ចរាចរ​ក្រោម​ស្ពាន មាន​៥,៥​ម៉ែត្រ​។

​ស្ពាន​ទី​២៖ បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ ផ្លូវ វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ​។

​ស្ពាន​ទី​៣៖ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​

​ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ៖ ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

​លើ​ផ្ទៃដី ៖​ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។
​ផ្លូវ​ក្រោម​ដី ៖ ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ទទឹង​៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ​៥,៥​ម៉ែត្រ ។

​សូមបញ្ជាក់ថា ស្ពាន​នេះ​នឹងមាន​អាយុកាល​១០០​ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​ផងដែរ​៕