ក្រុមហ៊ុន Samsung សង​ជិត​៥៤០​លាន​ដុល្លារ​ឲ្យ​ក្រុមហ៊ុន Apple ក្នុង​ជម្លោះ​ចម្លងម៉ូដ​ទូរស័ព្ទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2018 ក+ ក-

​ទីបំផុត សង្គ្រាម​ផ្លូវច្បាប់ រវាង​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Samsung ជុំវិញ​ករណី​ការចម្លង​ការ​រចនា​ម៉ូដ​ទូរស័ព្ទ iPhone រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ត្រូវបាន​បញ្ចប់ ដោយ​តុលាការ​អាមេរិក​បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Samsung បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន Apple ជិត​៥៤០ លាន​ដុល្លារ​អាមេរិក
​ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំជាងគេ​ក្នុង​ពិភពលោក បាន​ប្តឹងប្តល់​គ្នា​ជុំវិញ​ការលួចចម្លង​ការ​រចនា​ម៉ូដ​ទូរស័ព្ទ​iPhone រយៈពេល​៧​ឆ្នាំ​មកហើយ​។

ប៉ុន្តែ​យោងតាម​ឯកសារ​របស់​តុលាការ​អាមេរិក​កាលពី​ថ្ងៃ​ពុធ បញ្ជាក់ថា​សង្គ្រាម​ដណ្តើម​ប៉ាតង់​រវាង​ក្រុមហ៊ុន​យក្ស​ទាំងពីរ​នេះ បាន​ឈានដល់​ការបញ្ចប់​ជម្លោះ​ហើយ បន្ទាប់ពី​ចៅក្រម​តុលាការ​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Samsung បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន Apple ប្រហែល ៥៣៩ លាន​ដុល្លារ​ដោយសារ​ការចម្លង​លក្ខណពិសេស​ប៉ាតង់​ទូរស័ព្ទ iPhone​។

​ទោះជា​យ៉ាងណា ចំពោះ​លក្ខខណ្ឌ​ដំណោះស្រាយ​ដោយ​ទូទាត់​តាមរយៈ​ហិរញ្ញវត្ថុ​នេះ មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​នោះទេ ហើយក៏​មិនមាន​ក្រុមហ៊ុន​ណាមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​២ អត្ថាធិប្បាយ​លម្អិត​នៅក្នុង​បទបញ្ជា​តុលាការ​ដែល​បាន​ច្រានចោល​ជម្លោះ​ដែល​កើតមាន​តាំងពី​ឆ្នាំ ២០១១ នេះដែរ​។

ប៉ុន្តែ​ចំនួន​ប្រាក់​ដែល​តុលាការ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Samsung បង់​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន​Apple ដែល​បាន​អះអាង​នៅ​តុលាការ​ថា​ការ​រចនា​មាន​សារៈសំខាន់​ចំពោះ​ទូរស័ព្ទ iPhone៕