មណ្ឌលគិរី ៖ សកម្មភាពនៃការចរាចរដឹកជញ្ជូនឈើប្រណីតាមរថយន្តឡង់គ្រីស័រកែច្នៃជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម បានយ៉ាងរលូនតាមច្រកទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍៧ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។ នេះបើតាមប្រភពព័ត៌មានពីស្រុកពេជ្រដា បានរាយការណ៍ដឹងពីបទល្មើសដែលបានកើតឡើងនៅយប់ថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះ។
ប្រភពច្បាស់ការណ៍បានឱ្យដឹងថា រយៈពេលប៉ុន្មានខែចុងក្រោយនៅក្នុងអំឡុងចុងខែឧសភា និងដើមខែមិថុនានេះ សកម្មភាពនៃការចរាចរណ៍ដឹកជញ្ជូនឈើប្រណីតឆ្លងដែនទៅវៀតណាម គឺបានចាប់ផ្តើមកក្រើកឡើងវិញហើយ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយៈ ដែលសកម្មភាពនេះ មានការបើកច្រកចំនួន ២ច្រក សម្រាប់ធ្វើការនាំចេញឆ្លងដែនទៅវៀតណាម តាមច្រកទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍៧ នេះ ។
បិភពដដែលបានអះអាងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះ ក្បួនរថយន្តឡង់គ្រីស័រកែច្នៃជាច្រើនគ្រឿងសម្រុកដឹកជញ្ចូន ឈើឆ្លងដែនទៅវៀតណាមបានយ៉ាងរលូនតាមច្រកទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍៧ ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីសំណាក់ មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។
ប្រភពព័ត៌មានបញ្ជាក់ថា រថយន្តឡង់គ្រីស័រ និងសាំយ៉ុង ជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម បានយ៉ាងរលូនតាមច្រកទ្វេភាគីណាំលៀរ ហៅប៉ុស្តិ៍៧ ដោយគ្មានកាបង្ក្រាបទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញពាក់ពន្ឋ័នោះទេ។ សកម្មភាពនេះ ត្រូវគេឃើញធ្វើឡើងទាំងយប់ទាំងថ្ងៃ គឺបានរត់ឆ្លងកាត់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកពេជ្រាដា និងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា យ៉ាងខែងរ៉ែងគ្មានខ្លាចនរណាឡើយ។
ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចក្នុងខេត្តមួយនេះ បានបង្ហើបឲ្យដឹងថា ការចេញឈើល្មើសច្បាប់តាមច្រកខាងលើ គឺភាគច្រើនជាក្រុមឈ្មួញក្រោមអំណាចរបស់ ឧកញ៉ា ឬមន្ត្រីកងកម្លាំងមានសមត្ថកិច្ចថ្នាក់ធំៗ។ យ៉ាងណាក៏ដោយ ប្រភពនេះ មិនបានបញ្ចេញឈ្មោះមន្ត្រីធំៗទាំនោះទេ ដោយគ្រាន់បញ្ជាក់ថា ឈ្មួញឈើដែលជាមន្ត្រីថ្នាក់ធំៗ គេប្រើមនុស្សម្នាក់ឈ្មោះ ឆុង ជាអ្នកមើលការខុសត្រូវតាមក្បួនរថយន្ត និងរត់ការជួបសមត្ថកិច្ចពាក់ព័ន្ឋនានា។
លោក សំរិទ្ធ ណយ មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីណាំលៀ បានប្រាប់ឱ្យដឹងថា ករណីដឹកជញ្ជូនឈើខុសច្បាប់ មិនមានអ្នកណាគេហ៊ានចេញច្បាប់ឱ្យនោះទេ ។ ចំណែកលោក ផូ សំអន ប្រធានស្នាក់ការច្រកទ្វេភាគីណាំលៀមិនអាចសុំការពន្យល់បានទេ ដោយសារទូរស័ព្ទមិនចូល។
យ៉ាងណាក៏ដោយ បទល្មើសនានា ពិសេសបទល្មើសព្រៃឈើ មិនដែលថាលោកអភិបាលខេត្តគាត់មិនដឹង ប៉ុន្តែគួរឲ្យឆ្ងល់ដែរ ហេតុអ្វីបានជាបទល្មើសព្រៃឈើក្នងខេត្តនេះ នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងដដែល ឬក៏អំណាចលោកអភិបាលខេត្តតូចជាងអំណាចក្រុមឈ្មួញ៕