ខេត្តក្រចេះ ៖ សកម្មភាពពលរដ្ឋដឹកជញ្ជូនឈើប្រណីតតាមម៉ូតូយកទៅលក់អោយឈ្មួញរកស៊ីឈើដុះស្លែប្រចាំនៅស្រុកស្នួលដែលមានគោរមងារជាឧកញ៉ាឈ្មោះ គង់ ក្រឹង បានកម្រើកឡើងវិញអនាធិបតេយ្យជារៀងរាល់ថ្ងៃ ដែលឈើទាំងនោះត្រូវលោក គង់ ក្រឹង កៀងគរ អ្នកស្រុកឲ្យចូលទៅកាប់បំផ្លាញពីព្រៃក្នុងតំបន់ហាមឃាត់ និងតំបន់មួយចំនួនផ្សេងទៀត។
សូមជម្រាបថា លោកឧកញ៉ា គង់ ក្រឹង បច្ចុប្បន្ន មានតួនាទីជាមេបញ្ជាការរងយោធាវរៈការពារព្រំដែនគោក លេខ២០៤ ចំណុះអោយកងពលតូចលេខ២១ យោធភូមិភាគទី២ គឺជាមន្ត្រីថ្នាក់ខ្ពស់មួយរូបក្នុងស្ថាប័នរដ្ឋ ចំណែកការងារឯកជន លោក គង់ ក្រឹង គឺជាឈ្មួញរកស៊ីឈើប្រណីតដុះស្លែមួយរូបប្រចាំនៅស្រុកស្នួល ខេត្តក្រចេះ និងនាំចេញផ្តាច់មុខតាមច្រករបៀងដេបី (D3) ក្បែរច្រកព្រំដែនទ្វេភាគីអន្តរជាតិ វ៉ាលឺ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ជាច្រើនឆ្នាំមកហើយ រហូតក្លាយទៅជាអ្នកមានទ្រព្យស្តុកស្តម ទទួលបានឋានៈជាឯកឧត្តម និងឧកញ៉ា ថែមទៀតផង។
ប្រភពព័ត៌មាន បានលើកឡើងថា បន្ទាប់ពីទទួលបានងារជាឯកឧត្តម និងឧកញ៉ា រួចមក លោក គង់ ក្រឹង មិនសូវចេញមុខដូចមុនឡើយ ដោយប្រគល់ភារកិច្ចប្រមូលទិញឈើល្មើសច្បាប់អោយទៅសាច់ញាតិបុណ្ណោះ។
ប្រភពដដែលនិយាយថា លោកឧកញ៉ា គង់ ក្រឹង មានឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅខាងក្រោយបន្ទាយយោធាវរះការពារព្រំដែនលេខ២០៤នេះតែម្តង បន្ទាប់មកទើបលើកដាក់រថយន្តផ្ទាល់ខ្លួននាំចេញទៅលក់អោយឈ្មួញធំនៅវៀតណាម ប៉ុន្តែសូម្បីតែអាជ្ញាធរ ឬ សមត្ថកិច្ចក៏មិនហ៊ានទៅក្បែរផងកុំថាឡើយចុះបង្ក្រាប។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បានព្យាយាមទូរស័ព្ទទាក់ទងជាច្រើនលើកដែរ ទៅលោកឧកញ៉ា គង់ ក្រឹង តែមិនត្រូវបានលោកទទួលទូរស័ព្ទនោះទេ៕