ក្រមា​វែង​ជាងគេ​របស់​កម្ពុជា​ទទួល​បាន​បណ្ណ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2018 ក+ ក-

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក បន្ទាប់ពី​មហា​គ្រួសារ​ខ្មែរ​រួបរួមគ្នា​ក្នុង​ស្មារតី​ជឿថា​ខ្មែរ​អាចធ្វើ​បាន នៅពេលនេះ​ក្រ​ម៉ា​វែង ជាងគេ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គណៈកម្មការ World Guiness Records ប្រកាសថា​បានឈ្នះ​ការ​បំបែក​កំណត់​ត្រ​ក្រមា​វែង​ជាងគេ​ក្នុង​លោក​។

​សំឡេង​ហូ​រក​ញ្ញ្រៀ​វ​បាន​បន្លឺឡើង បន្ទាប់ពី​គណៈកម្មការ World Guiness Records ប្រកាសថា ក្រ​ម៉ា​វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ហើយ​។ ការវិនិច្ឆ័យ​ដែល​កម្ម​ការ World Guiness Records ផ្តល់ជូន​កំណត់ត្រា​ដល់​ក្រ​ម៉ា​កម្ពុជា ដោយ​ផ្អែកលើ​ចំណុច​សំខាន់​ពីរ​រួមមាន កម្ពុជា​បាន​ត្បាញ​ក្រមា​ដែល​សាច់​ក្រមា​តឹង​ណែន​ល្អ និង​ត្បាញ​ក្រមា​វែង​បំផុត​ជាង ១២០០​ម៉ែត្រ​។​

​លទ្ធផល​នៃ​ការប្រកាស​នេះ​បាន​បង្កើត​ស្នាមញញឹម​ដល់​លើ​ផ្ទៃមុខ​មនុស្ស​គ្រប់គ្នា​ដែរ​បាន​ចូលរួម​អបអរសាទ ក្នុង​ស្មារតី​ខ្មែរ​រួមគ្នា ខ្មែរ​ធ្វើបាន​។ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ទោះ​ឈរ​នៅក្រោម​កំដៅថ្ងៃ​ក្តៅ​ក្តី ប៉ុន្តែ​បាន​ឈរ​ចាប់ មើល​នៅ​លទ្ធផល​ទាំង​រំភើប​រីករាយ​នឹង អន្ទះសារ​។​

​សូមបញ្ជាក់ថា កម្មវិធី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​ដែល​វែង​ជាងគេ​លើ​ពិភពលោក បាន​ចាប់​ដំណើរ ការ​ពី​ថ្ងៃទី​១៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​កម្មវិធី​ទទួលបាន ភ្ញៀវ​ចំនួន​សរុប ៣៣៨,០៥០​នាក់​ដែល​ក្នុងនោះ​មាន​អ្នក​ចុះឈ្មោះ​រៀន​ត្បាញ​ចំនួន ២២,៣១៥​នាក់ និង​អ្នកចូលរួម​ត្បាញ​ក្រមា ១០០០​ម៉ែត្រ ចំនួន​១៩,៧៧១​។ ប្រសិនបើ​យើង​យក​សរសៃរ​និ​មួយៗ នៃ​ក្រមា​នេះ​មក​បន្ត​គ្នា​តែមួយ​សរសៃរ​ប្រវែង​ប្រមាណ ២,៩១២,៦២៥​ម៉ែត្រ​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​កម្ពុជា ក្រោម​ការផ្ដួចផ្ដើម​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុម​ចលនា Go Go Cambodia ក្រោម​អត្ថន័យ​ស្នូល​ដ៏​សំខាន់ «​រួមគ្នា​ជឿថា​ខ្មែរ​ធ្វើបាន​» ពោលគឺ​ការ​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម «​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» នេះ​ជា​មោទនភាព ជា​កិត្តិយស​ជាតិ​ថ្មី​មួយទៀត ដែល​ពលរដ្ឋ​ខ្មែរ​បានរួម​គ្នា​កសាងឡើង​៕