ចាប់​ជនជាតិ​ចិន​៣៨​នាក់​នៅ​ខេត្តកំពត ករណី​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2018 ក+ ក-

​កំពត ៖ ជនជាតិ​ចិន​ចំនួន​៣៨​នាក់ ស្រី​១១​នាក់ ត្រូវបាន កម្លាំង​នាយកដ្ឋាន​អន្តោប្រវេសន៍ រួមជាមួយ​កម្លាំង​ជំនាញ​ស្នងកា​ខេត្តកំពត ដឹកនាំ​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន ដោយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជំរឹត​ទារប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ធឺ​ណេ​ត ស្ថិតនៅ​ផ្ទះជួល​ចំនួន​២​ផ្សេងគ្នា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ឃាត់ខ្លួន​បាន​ចំនួន​២០​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​០៦​នាក់ និង នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ បាន​ចំនួន​១៨​នាក់ ស្រី​ចំនួន​៥​នាក់ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ ក្រោម​ការសម្របសម្រួល​ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ចុះ​ត្រួតពិនិត្យ ឆែកឆេ និង​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន ទាំង​២​គោលដៅ ចំនួន​៣៨​នាក់ ប្រុស​២៧​នាក់ ស្រី​១១​នាក់ និង​ដកហូត​បាន​សម្ភារៈ​ប្រព្រឹត្តល្មើស​មួយចំនួនទៀត ។​

​ក្រោយពី​ឃាត់ខ្លួន​បាន ជនជាតិ​ចិន​ទាំង​៣៨​នាក់ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី រងចាំ​សម្រេច​ពី​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជូន​ជនសង្ស័យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ៕