ការដ្ឋាន​ឡើង​ខ្សាច់​ជាប់​ផែ​៥២ ​នៅទំនប់រលក កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 July, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖ ការប្រកប​អាជីវកម្ម​គ្រប់​វិស័យ ពិសេស​វិស័យ​សំណង់ និង​វិស័យ​លក់​គ្រឿងសំណង់ ដូចជា​ខ្សាច់​ជាដើម​នេះ កំពុងតែ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា នៅក្នុង​ខេត្ត​ព្រះសីហនុ​តែម្ដង ដោយ​ថ្មីៗ​នេះ​មាន​ការនាំ​ខ្សាច់​ចូល​យ៉ាង​គគ្រឹកគគ្រេង​មួយ តាមរយៈ​(​កប៉ាល់​-​សា​ឡង់​) និង​បន្ត​មក​ឡើង​នៅ​ចំណុច ជាប់​ផែ ៥២ ទំនប់រលក ភូមិ​៣ សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ​។

​បើតាម​ប្រជាពលរដ្ឋ​ដែល​រអ៊ូរទាំ​ប្រាប់​ព័ត៌មាន​យើង​ថា ពួកគាត់​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​មួយ​នេះ​ខ្លាំងណាស់ ពេល​ភ្លៀង​រអិលដួល និង​ពេល​ស្ងួត​ហុយ​ដូច​មេឃ​ចុះ​អ័ព្ទ មើលផ្លូវ​សឹងតែ​មិនឃើញ ដោយសារ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ចេញចូល ប្រលោក់​ប្រឡាក់ ភក់ជ្រាំ​យ៉ាង​គគ្រិច​លើ​ដងផ្លូវ​។​

​ចំពោះ​បញ្ហា​ខាងលើនេះ បើតាម លោក ប្រាក់ សំ​ប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី ៣០​ខែមិថុនា ២០១៨ ថា ចំពោះ​ការដ្ឋាន​នាំ​ខ្សាច់​មកនេះ ទាក់ទង​រឿង​ច្បាប់ លោក​ថា មិនមាន​ឃើញ​ស្នើសុំ​មក​ខាង​លោក​នោះទេ ដោយសារ​ខ្សាច់​ទាំងនេះ​លោក​ថា គេ​បាន​ដឹក​មកពី​ខេត្តកោះកុង យកមក​ចែកចាយ​។ លោក​បាន​បង្ហើប​ទៀតថា អ្នកគ្រប់គ្រង​គឺជា​ជនជាតិ​វៀតណាម ហើយ​លោក​មិនដែល​ស្គាល់​នោះទេ​។ ចំណែកឯ​ការប៉ះពាល់​ដ​ល់​បរិស្ថាន ផ្លូវ​គមនាគមន៍​សូម​សួរ​ទៅខាង​មន្ទីរជំនាញ​ចុះ​។​

​ចំណែកឯ​លោក សាមុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បានចេញ​លិខិត​៦៤៦ ប​ស្ថ​.​ខ​សន​ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ជូនដំណឹង​ទៅ​លោក ឡេង ជឺ​ន អាជីវកម្ម​ដេប៉ូ​ខ្សាច់​ដែល​ស្ថិតនៅ​ផ្លូវ​ទំនប់រលក ក្បែរ​ទីតាំង​ចាក់សំរាម​មកពី​កោះរ៉ុង​ដែល​ស្ថិតនៅ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​របស់​ក្រុមការងារ​ចម្រុះ​បាន​ឃើញថា រថយន្ត​ដែល​បើក​ចេញពី​ទីតាំង​ដេប៉ូ​ខ្សាច់​របស់លោក​បានធ្វើ​ចរាច​រណ៍​លើផ្លូវ​ថ្នល់​ដោយមាន​ជាប់​នឹង​ប្រលាក់​ដី​នៅ​និង​កង់​រថយន្ត​ជាហេតុ​ធ្វើឱ្យ​ប្រឡាក់​ផ្លូវ​សាធារណៈ​ថែមទាំង​បណ្ដាល​ឲ្យ​ផ្លូវ​មាន​សភាព​ហ៊ុយ​ខ្លាំង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​អាច​បំពុលបរិយាកាស​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​បរិស្ថាន​និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​។​លោក​ប្រធាន​មន្ទីរ​បានកំណត់​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវធ្វើ​ការលាង​សម្អាត​ផ្លូវ​ឱ្យបាន​ស្អាត​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​ដោយ​ក្នុង​មួយថ្ងៃ​ត្រូវធ្វើ​ការលាង​សម្អាត​ពីរដង​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​តាមផ្លូវ​និង​ធានា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ល្អ និង​ម្ចាស់​ទីតាំង​ត្រូវ​រៀបចំ​កន្លែង​លាង​កង់​រថយន្ត​មុន​នឹងធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ​ដោយ​ទុក​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ធ្វើ​កំណត់ហេតុ​រហូតដល់​ថ្ងៃទី​៥ ខែកក្កដា​ឆ្នាំ​២០១៨​។​

​ប៉ុន្តែ​សេចក្តីជូនដំណឹង​នេះ​ហាក់បីដូចជា​ម្ចាស់​ទីតាំង​ខាងលើ​មិន​អនុវត្តន៍​តាម​ដោយ​សេចក្តីជូនដំណឹង​នេះឡើយ នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ប្រឡាក់​ផ្លូវថ្នល់​កៅស៊ូ​ជិត​ក្លាយទៅជា​ផ្លូវលំ​ទៅវិញ​។ ប្រជាពលរដ្ឋ​ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​កាត់​តាម​ទីតាំង​ខាងលើ ថា​តើ​ការដ្ឋាន​មួយ​នេះ​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​បរិស្ថាន​ដែរឬទេ​?៕