ប្រកាស​ចាប់ខ្លួន​អ្នក​បំផុស​ថា អ្នក​ជ្រលក់​ទឹកខ្មៅម្រាមដៃ​ពេល​បោះឆ្នោត នឹង​ត្រូវស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 July, 2018 ក+ ក-

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ព្រមាន​ជាមួយ នឹង​វិធានការ​ផ្លូវ​វ​ច្បាប់ ដែល​ទំនងជា​បានរៀបចំ​រួចជាស្រេច​ក្នុងការ​ចាប់ខ្លួន​ជន​ទាំងឡាយណា​ដែល​ដើរ​ខ្សឹប ឬ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​ពេល​បោះឆ្នោត នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​ក្រោយពេល​ជ្រលក់​។ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ហៅ​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហ៊ុយ កែង​ផ្លូវ​ហាណូយ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទម្លាយ​ពី​ផែនការ​មួយ​របស់​ក្រុម​បំពុល​តាម​ហ្វេ​ស​ប៊ុ​ក ដែលថា ការបោះឆ្នោតជាតិ​នាពេលខាងមុខ នឹងមាន​ទឹក​ថ្នាំ​ជ្រលក់​ដៃ​២​ប្រភេទ ដែល​ក្នុងនោះ​នឹងមាន​ទឹក​ថ្នាំ​ដែល​ជ្រលក់​ហើយ​បណ្តាល​អោយស្លាប់​ក្រោយ​រយៈពេល​២៤​ម៉ោង​។ សម្តេច​តេ​ជោ បានប្រកាសថា​រដ្ឋាភិបាល​នឹងមាន​វិធាន​ការចាប់​អ្នក​និយាយ​បំពុល​ទាំងនោះ ដោយ​បច្ចុប្បន្ន​កម្ពុជា មាន​ក្រុម​ចារកម្ម និង​ម៉ាស៊ីន​ដែល​អាច​រក​ទីតាំង​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក លំអៀង​តែ​២​ម៉ែត្រ​កន្លះ ដោយ​ប្រើ​រយៈពេល​ស្វែងរក​ត្រឹម​៦​នាទី ប៉ុណ្ណោះ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែងថា ថ្ងៃនេះ ខ្ញុំ​មានរឿង​មួយ​និយាយ​ទៅកាន់​ប្រជាជន ដោយ​នា​ព្រឹក​នេះ មានការ​ឆបោក​ដែល​ឈានដល់​ឧក្រិដ្ឋកម្ម គឺ គេ​ថា​នៅពេល​បោះឆ្នោត​ខាងមុខ មានទឹក​ថ្នាំ​ជ្រលក់​ដៃ​២​ប្រភេទ គឺ​ទី​១​ជា​ទឹក​ថ្នាំ​ធម្មតា និង​ទី​២​ជា​ទឹកខ្មៅ ដែល​ក្រោយ​ជ្រលក់​ដៃ​រយៈពេល​២៤​ម៉ោង នឹង​ស្លាប់ ។ នេះ​ជា​បទល្មើស​មួយ មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ សូម គ​.​ជ​.​ប​. ចាត់វិធានការ​រឿងនេះ​! ប៉ុន្តែ​ពិតប្រាកដ​គឺ​រដ្ឋាភិបាល ជា​អ្នកចាត់ការ​រឿងនេះ អ្នកឯង​ត្រូវ​ដឹងថា​ឧបាយកល​នេះ​គឺ​បំផ្លាញ​ជាតិ តែ​ខ្ញុំ​នឹង​មិនអោយ​កើតមាន​ដូចនេះ​ឡើយ​។​

​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ៗ​ថា សូម​ផ្តាំ​ទៅ​អា​អ្នក​ព្រហើន​ថា ផែនការ​អ្នកឯង​គេ​គ្រប់គ្រង​បាន​ហើយ ត្រូវ​ប្រើ​វិធានការ​ចាប់​ទាំង​អា​អ្នកដើរ​ខ្សឹប​ទាំង​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​បំពុល​ប្រជាជន​តាម​វិធី​នេះ​។​សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ​ជួប​ចាប់​អ្នកដើរ​ខ្សឹប ចំណែក​ផ្នែក​ចារកម្ម ត្រូវ​បញ្ចេញ​ម៉ាស៊ីន​តាម​ចាប់​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដែល​និយាយ​បំពុល​ទាំងនោះ ព្រោះ​កម្ពុជា មាន​ម៉ាស៊ីន​ដែលមាន​សមត្ថភាព​រក​ទីតាំង​លំអៀង​តែ​២​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ដោយ​ប្រើ​រយៈពេល​៦​នាទី​៕