ខេត្តស្វាយរៀងជួបបញ្ហាខ្វះពលកម្មជំនាញ ខណៈការវិនិយោគកើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2018 ក+ ក-

ស្វាយរៀង ៖ ស្របពេលមានការវិនិយោគថ្មីៗបន្ថែមនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតដែលជាតំបន់មានសក្ដានុពលខ្ពស់ក្នុងវិស័យឧស្សាហកម្ម តម្រូវការធនធានមនុស្សសម្រាប់បម្រើអោយវិស័យនានា ក៏មានកាន់តែខ្ពស់ដែរ។ ជាក់ស្តែងបច្ចុប្បន្ន កម្លាំងពលកម្ម ជំនាញកំពុងមានការខ្វះខាតនៅក្នុងបណ្ដារោងចក្រសហគ្រាសក្នុងក្រុងបាវិតតែម្តង

លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ប្រាប់តាមរយៈកិច្ចសម្ភាសន៌ជាមួយក្រុមការងារទូរទស្សន៌អាស៊ីអាគ្នេយ៌ថា កាលពីមុន ប្រជាពលរដ្ឋក្នុងស្វាយរៀងមួយភាគធំ រឺស្ទើរតែទាំងអស់ទៅហើយ គឺប្រកបរបរកសិកម្មធ្វើតែស្រែ និងមានការជួញដូរតិចតួច ។

ការប្រកបរបរកសិកម្ម មិនបានធ្វើអោយជីវភាពរបស់ពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរនោះទេ ព្រោះការធ្វើស្រែទៅតាមរដូវ ដូចនេះនៅពេលចប់ការងារកសិកម្ម ពលរដ្ឋក៏ទំនេរមិនមានការងារណាផ្សេងទេ។ តែក្រោយមក នៅពេលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតអោយបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត ក៏បានធ្វើអោយប្រជាពលរដ្ឋដែលមានសមាជិកពេញកំលាំងបំពេញការងារ អាចទៅធ្វើការនៅតាមបណ្ដារោងចក្រសហគ្រាស និងអាចរកចំណូលបានខ្ពស់ជាងមុន ។

លោក ម៉ែន វិបុល ក៏បានបង្ហាញដែរថា ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ សក្ដានុពលវិនិយោគនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតកាន់តែមានច្រើន តម្រូវការកំលាំងពលកម្មក៏កាន់តែច្រើនរហូតធ្វើអោយវិបត្តិកង្វះកម្លាំងពលកម្មក៏កើនឡើងមាន ជាពិសេសកម្លាំងពលកម្មជំនាញកំពុងតែត្រូវការខ្លាំងនិងទាមទារអោយសិស្សនិស្សិតត្រូវរៀនជំនាញអោយចំនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន ។ លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយ រៀងបានអោយដឹងផងដែរថា បើនិយាយពីកំលាំងពលកម្មមិនជំនាញ មិនសូវខ្វះទេ តែបើកំលាំងពលកម្មជំនាញ បច្ចេកទេស ជំនាញ គ្រប់គ្រង រដ្ឋបាល និងធនធានមនុស្ស គឺពិតជាខ្វះខាតមែន។

លោកបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្វាយរៀង បានស្រូបទាញកំលាំងពលកម្មជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត។ បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងទាំងមូល មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ ហើយក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៨ កំពុងដំណើរការ។ លោកលើកឡើងថា ខណៈមានការវិនិយោគបន្ថែមពីខាងក្រៅមកកាន់ខេត្តស្វាយរៀង បានធ្វើអោយខេត្តនេះកំពុងជួបប្រទះនូវការខ្វះកំលាំងពលកម្មជំនាញនិងកំលាំងដែលមានវិញ្ញាបនបត្រ ដែលជាហេតុទាមទារអោយមានការទទួលយកធនធានមនុស្សពីខាងក្រៅចូលមកបម្រើការនៅទីនេះ ។

គួរបញ្ជាក់ថា ខេត្តស្វាយរៀងចាប់ផ្ដើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសដំបូង នៅឆ្នាំ២០០៥ ហើយកាលពីពេលនោះមានចំនួនកម្មករ តែចំនួន ជិត៣ពាន់នាក់ (២៩៨៣នាក់) នាក់ប៉ុណ្ណោះ។ បន្ទាប់មកក៏ចំនួនកម្មករក៏បានកើនឡើងជាបន្តបន្ទាប់ នៅពេលមានរោងចក្រសហគ្រាសថ្មីៗចូលមកវិនិយោគនៅតំបន់នោះ និងបានធ្វើអោយខេត្តមួយនេះកំពុងជួបប្រទះវិបត្តិខ្វះកំលាំងពលកម្ម តែមិនទាន់ធ្ងន់ធ្ងរនោះទេ។

បើតាមការបង្ហាញរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០១៨នេះ ខេត្តស្វាយរៀងជាខេត្តមួយមានការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្មយ៉ាងលឿនក្នុងរយៈពេលចុងក្រោយនេះ ដែលសរុបនាពេលបច្ចុប្បន្ន មានរោងចក្រសហគ្រាស គ្រឹះស្ថានចំនួន១៦៥ កំពុងផ្តល់ការងារដល់កម្មករ និយោជិត ចំនួនជាង ៥ម៉ឺន៩ពាន់នាក់៕