វេបសាយមួយប្រកាសលក់សំបុត្រ​ទស្សនា​ការប្រកួត​រវាង Pac quiao និង Floyd ១៤១ពាន់ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2015 ក+ ក-

BBC ៖ សំបុត្រ​ចូល​ទស្សនា​ការប្រកួត​ប្រដាល់​រវាង​កីឡាករ​ហ្វីលីពីន Many Pacquiao និង​កីឡាករ​អាមេរិក Floyd Mayweather លក់ដាច់​អស់​តែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការដាក់​លក់ ហើយ​ភ្លាមៗ​នោះ​មាន​វេ​ប​សាយ​មួយចំនួន​បាន​ដាក់លក់​សំបុត្រ​ក្នុងតម្លៃ​ខ្ពស់​ដល់ ១៤១ ០០០ ដុល្លារ ។

ពេលវេលា​នៃ​ការប្រកួត​រវាង​កីឡាករ​ទាំងពីរ​ត្រូវបាន​កំណត់​តាំងពី​ខែ កុម្ភៈ​មកម្ល៉េះ តែ​កិច្ចសន្យា​នៃ​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​វិញ​ទើបតែ​បានបញ្ចប់​នៅក្នុង​សប្ដាហ៍​នេះ​។ សំបុត្រ​ចូល​ទស្សនា​ចាប់ផ្ដើម​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​វេ​ប​សាយ MGM Grand និង​ក្រុមហ៊ុន​លក់​សំបុត្រ Ticketmaster ។​

BBC បន្តថា សំបុត្រ​ចំនួន​១០០០​កន្លែង​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដាក់លក់​ឲ្យ​សាធារណជន​ទូទៅ ចំណែក​កៅអី​ទស្សនា​ចំនួន ១៥ ៥០០​កន្លែង​ផ្សេងទៀត​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​របស់​កីឡាករ អ្នក​ឧបត្ថម្ភ និង​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។ សំបុត្រ​ថោក​បំផុត​មានតម្លៃ ១៥០០​ដុល្លារ ហើយ​ក្រោយមក​ឡើងដល់ ៧ ៥០០​ដុល្លារ ។​

​គួរ​បញ្ជាក់ថា កីឡាករ​ប្រដាល់​ហ្វីលីពីន Many Pacquiao នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​មិនដែល​ចាញ់​សញ្ជាតិ​អាមេរិក លោក Floyd Mayweather នៅ​ថ្ងៃទី​២ ខែឧសភា សប្ដាហ៍​ក្រោយ នៅលើ​សង្វៀន MGM Grand Hotel ក្នុង​ទីក្រុង Las Vagas សហរដ្ឋអាមេរិក ។​

​កីឡាករ Many Pacquiao អាយុ​៣៦​ឆ្នាំ និង​កីឡាករ Floyd Mayweather អាយុ​៣៨​ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ខ្លាំង​បំផុត​សម្រាប់​សម័យកាល​របស់​ពួកគេ ។ ការជួបគ្នា​លើក​ទី​១​រវាង​ជើង​ខ្លាំង​ទាំងពីរ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ប្រកួត​ប្រចាំ​សតវត្ស ។

​កីឡាករ Pacquiao ធ្លាប់​ប្រកួត​ឈ្នះ​៥៧​ដង ចាញ់​៥​ដង និង​ស្មើ​២​ដង ហើយ​ប្រកួត​លើកចុងក្រោយ​ឈ្នះ កីឡាករ​ស្បែក​ខ្មៅ Timothy Bradley ។ ចំណែក​កីឡាករ Floyd វិញ​ប្រកួត​បាន​៤៧​ដង ឈ្នះ​ទាំងអស់ ហើយ​បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​២៦​ដង​។ ប្រកួត​លើកចុងក្រោយ កីឡាករ Floyd បាន​ផ្ដួល​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Marcos Maidana ។

ការប្រកួត​របស់​កីឡាករ​កំពូល​ទាំងពីរនេះ​ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែឧសភា វេលា​ម៉ោង​៨​ព្រឹក ម៉ោង​នៅ​ប្រទេស​កម្ពុជា​៕​

កកក

កីឡាករ Floyd Mayweather និង​កីឡាករ Many Pacquiao (​រូប​ពី​BBC)