ខេត្តពោធិសាត់ តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2018 ក+ ក-

​ពោធិសាត់ ៖ លោក ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ព្រឹត្តិការណ៍​តែងតាំង​ថ្នាក់ដឹកនាំ​ថ្មី របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តពោធិ៍សាត់ គឺជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការចូលរួម​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កម្មវិធី​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​បំពេញភារកិច្ច​គ្រប់គ្រង និង​ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម រហូត​ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់​។
​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​ពោធិ៍សាត់ ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​រាល់​កម្ម​ភាព​របស់​មន្ទីរ​ពាណិជ្ជ​កម្ម ព្រមទាំង​បានស្នើ​លោក​ប្រធាន​មន្ទីរ​ថ្មី ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យ​បានល្អ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​ឲ្យ​បាន​ដូច​ភ្លៀងរលឹម ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាជន​។ លើសពីនេះ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជារ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ទាក់ទិន​នឹង​ការកំណត់​តម្លៃ​ប្រេង​ថ្មី នៅតាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​នានា ក្នុង​ខេត្តពោធិ៍សាត់​។​

​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្តែង​ការអបអរ​ចំពោះ​ព្រឹត្តិការណ៍​តែងតាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម​ថ្ងៃនេះ និង​បានស្នើ​ដល់​ប្រធាន​មន្ទីរ​ថ្មី ខិតខំ​ពង្រឹង​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ដើម្បី​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ សំដៅ​នាំមក​នូវ​សមិទ្ធផល​ថ្មីៗ​ជូន​ប្រជាជន និង​វិស័យ​ពាណិជ្ជកម្ម​ជាតិ​។​

​សូមបញ្ជាក់ថា ពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា អម​ទៅដោយ​បឹង​ទន្លេសាប​ដែលជា​ជង្រុក​ត្រី​ដ៏​ធំ​របស់​កម្ពុជា​។ ក្រៅពី​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ និង​រមណីយដ្ឋាន​ប្រណិតៗ ខេត្តពោធិ៍សាត់ ក៏​សម្បូរ​ដោយ​ដី​មាន​ជីជាតិ ដែលមាន​លក្ខណៈ​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ និង​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​៕​