ក្រសួង​ព័ត៌មាន នឹង​ចាត់ការ​លើ​​ម្ចាស់គេហទំព័រ និង​បណ្តាញ​សង្គម​នានាដែល​មិន​គោរព​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង លើ​ការផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ សារ​ជា​អក្សរ សំលេង រូបភាព វីដេអូ និង​ទម្រង់​ផ្សេងៗ​ទៀត តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា ក្រសួង​ព័ត៌មាន បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ​ប្រកាស​អន្តរក្រសួង ចាប់ពីពេលនេះ​តទៅ ដើម្បីឱ្យ​ស្របតាម​អនុ​ក្រិ​ត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ព័ត៌មាន និង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៅ​កម្ពុជា​។​

​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ឱ្យដឹង​នៅក្នុង​សិក្ខាសាលា ស្តីពី ការគ្រប់គ្រង​ការផ្សព្វផ្សាយ​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​ព្រះរាជណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​នេះ​ថា ក្នុង​គោលដៅ​ទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ​ឬ ការចែក​ចាយ​ខ្លឹមសារ​ព័ត៌មាន ឬ សារ​ជា​អក្សរ សំឡេង រូបភាព និង​ទម្រង់​ផ្សេងៗ ដែលមាន​ចេតនា​បង្ករ​ជា​ចលាចល បណ្តាលឱ្យ​អន្តរាយ​ដល់ វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ និង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ​។​

​លោក​បញ្ជាក់ថា ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​ប្រកាស​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចាត់តាំង​អង្គភាព​ជំនាញ​ជា​សេនាធិការ​រៀងៗ​ខ្លួន ដើម្បី​ងាយស្រួល​ក្នុង​កិច្ចសហការ​ធ្វើការ​តាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើ​អាជីវកម្ម និង​ការផ្សព្វផ្សាយ​ល្មើសច្បាប់ តាម​គេហទំព័រ និង បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ទោះជា​យ៉ាងណា លោក​ប្រធាន​នាយក​ដ្ឋា​រូបនេះ​អះអាងថា នេះ​មិនមែន​ជាការ​រឹតបណ្តឹង ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះទេ គឺជា​ការតម្រង់ទិស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ឱ្យទៅជា​ការអប់រំ ការកំសាន្ត ការចែករំលែក​នូវ​អ្វី​ដែលជា​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ និង​ឱ្យ​គ្នា​ទៅវិញទៅមក ជៀស​ជាង​យកទៅ​ជេរប្រមាថ តិះឌៀល ដែល​គ្មាន​មូលដ្ឋាន​។​

ទាក់ទិន​ទៅ​និង​យុទ្ធនា​ការឃោសនា បោះឆ្នោត​នៅពេល​ខាងមុខនេះ ឯកឧត្តម ផុស សុវណ្ណ បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់ គ​.​ជ​.​ប​.​សម្រាប់​បណ្តាញ​ទំនាក់ទំនង​សង្គម​សុំឱ្យ​ការ​ឡា​ច ការ​ស៊ែ ត្រូវ​ពិនិត្យពិចៃ​ឱ្យបាន​ជាក់លាក់ ដើម្បី​កុំឱ្យ​មហាជន​មាន​ការជឿ​ទៅលើ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើអោយប៉ះពាល់​និង​មានការ​ភ័​ណ្ឌ​ច្រឡំ​ដល់​សាធារណៈជន​និង​បំពុលសង្គម​ផងដែរ​៕