តូចចិត្តប្រពន្ធ​មាន​ប្តី​ថ្មី នាំ​កូនស្រី​ទៅ​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា​ស្លាប់​ឪពុក សង្គ្រោះ​បានកូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ឱប​កូនស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ទៅ​លោត​ពីលើ​ស្ពាន​ជ្រោ​ចង្វា​ថ្មី ក្នុង​សង្កាត់​ស្រះចក ប៉ុនប៉ង​សម្លាប់ខ្លួន​ទាំង​ឪពុក និង​កូន​តែម្តង តែ​កូនស្រី​មានសំណាង​ល្អ ត្រូវបាន​គេ​ជូ​យស​ង្គ្រោះ​ស្រង់​ឡើង​ពី​ទឹកបាន​ទាន់ពេល ចំណែក​បុរស​ជា​ឪពុក​បាន​លិច​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​ទាំង​ព្រលឹម ខណៈដែល​បុរស​ខាងលើ ក្រោយពី​ប្រពន្ធ​មាន​ប្តី​ថ្មី ម្យ៉ាង​ខ្លួន​មិនមាន​ការងារ​ធ្វើ និង​ម្យ៉ាងទៀត​ខូចចិត្ត​ខ្លាំង​ក៏បាន​នាំ​កូនស្រី​ទើប​អាយុ​៧​ឆ្នាំ ទៅ​លោតទឹក​សម្លាប់ខ្លួន នៅលើ​ស្ពាន​ជ្រោយចង្វា​ថ្មី បណ្តាល​ឲ្យ​ខ្លួនឯង​ស្លាប់ ចំណែក​កូន​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។​

​ហេតុការណ៍​ពីរ​នាក់​ឪពុក​កូន លោតទឹក​សម្លាប់ខ្លួន​នេះ​បាន​បង្កឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​ជា​ឪពុក ដែល​លិច​ទឹក​បាត់ រក​សព​មិនទាន់​ឃើញ​នោះ ឈ្មោះ​លី ទៀង អាយុ​៣០​ឆ្នាំ សព្វថ្ងៃ​គ្មាន​មុន​របរ​អី​ទេ ស្នាក់នៅ​ជាមួយ​ម្តាយបង្កើត​ឈ្មោះ ឆេង ហៀ​ង អាយុ​៥៤​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ ផ្ទះជួល​ផ្លូវ​បេតុង​ភូមិ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​កូនស្រី ដែលមាន​សំណាង ត្រូវបាន​គេ​ជួយ​ស្រង់​ពី​ទឹក ទាន់ពេលវេលា​នោះ ឈ្មោះ ទៀង លីហ្សា អាយុ​៧​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​៕