គ ជ ប ៖ បក្សនយោបាយ​អាច​ហែ​ក្បួន​បានតែ​៤​ដង​ប៉ុណ្ណោះ ក្នុង​​ពេលឃោសនាបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា​៖ រយៈពេល​២១​ថ្ងៃ នៃ​យុ​ទ្ឋ​នា​ការឃោសនា​រក​សំឡេងឆ្នោត គឺ​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៨ គណបក្សនយោបាយ​ទាំងអស់ អាច​ហែ​ក្បូន​ឃោសនា បានតែ​ចំនួន​៤​ដង​ប៉ុណ្ណោះ សំរាប់​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​។​

​ថ្លែង​នៅ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់​ព័​ន្ឋ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ទីស្តីការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នា​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ លោក ឯម សូផាត សមាជិក គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានលើកឡើង​បញ្ជាក់ថា​៖ សំរាប់​គណបក្សនយោបាយ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត អាច ហែរ​ក្បួន ព្យុហយាត្រា នៅ​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ យ៉ាងច្រើន​បំផុត​បាន​ចំនួន​៤ ដង នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​អាណ​តិ្ត​ទី​៦ ដែលមាន​រយះពេល​២១​ថ្ងៃ​។ ក្នុងនោះដែរ គណបក្សនយោបាយ​ទាំងអស់ មិនអាច​ហែរ​ក្បូន​របស់ខ្លួន ឆ្លងកាត់​ខេត្ត​ផ្សេង​បានឡើយ​។ សមាជិក គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) លោក ឯម សូផាត​បានបញ្ជាក់​ទៀតថា​៖ ការឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​តែ​២១​ថ្ងៃ ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​ទាំងអស់ ត្រូវ​បញ្ឈប់ ២៤ ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត ឬ ហៅថា​ថ្ងៃ​ស​។ ដែល​ក្នុងនោះ​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ត្រូវ​ឈប់សម្រាក នៅ​ចន្លោះ​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៦​ព្រឹក ។​

លោក​ថា​៖​ចំពោះ​ការឃោសនា​ដោយ​ឧបករណ៍​បំពង​សំឡេង​វិញ ត្រូវ​ហាមឃាត់​ជាទូទៅ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង ២​រសៀល ។​ជាមួយគ្នា​នោះដែរ លោក ឯម សូផាត បានបញ្ជាក់​បន្តទៀតថា​៖ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ មន្ត្រី​តុលាការ អាច​ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គ ណ​បក្សនយោបាយ​ណាមួយ នៅក្រៅ​ម៉ោង​បាន ប៉ុន្តែ​មិន​ពាក់​ឯកសណ្ឋាន មិនត្រូវ​មាន​អាវុធ​ជាប់​នឹង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំ​ឲ្យ​មានការ​គំរាមកំហែង​ឡើយ​។​

​សូម​ជម្រាបជូន​ថា​៖ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏បាន​អំពាវនាវ ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដែល​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា ឬ​ជនបរទេស ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ឥត​លម្អៀង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ និង​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ប្រយោល​ក្តី ដោយផ្ទាល់​ក្តី ដូចជា​ផ្តូ​ច​ផ្តើម ឬ​ចូល​រូ​ម​នៅក្នុង​ការឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ដោយ​ផ្តល់​មធ្យោបាយ​ជា​ថវិកា សម្ភារ បរិក្ខា ធនធានមនុស្ស ឬ​មធ្យោបាយ ផ្សេងទៀត ដើម្បី​គាំទ្រ​គណបក្សនយោបាយ ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​បានឡើយ​។ ជាពិសេស គ​.​ជ​.​ប ក៏បាន​ចេញ​នូវ​គោល​ការ​ណ៏​សំរាប់​ស្ថា​នី​យ៏​វិទ្យុ និង​ទូរ​ទស្ស​ន៏ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​អោយ​គណបក្ស នយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​គោលនយោបាយ​របស់ខ្លួន ដោយ​តម្រូវអោយ​គ្រប់​ស្ថា​នី​យ៏​វិទ្យុ និង​ទូរ​ទស្ស​ន៏​ទាំងអស់​ត្រូវ​អនុវត្តតាម​គោល​ការ​ណ៏ និង​ការនែនាំ របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​សូមបញ្ជាក់ថា​៖ គិត​ត្រឹម​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានចេញ​បណ្ណ​សម្គាល់​ខ្លូន​ជូន​អ្នក​សារ​ព័​ត៏​មាន​ជាតិ និង​អន្តរជាតិ​ចំនួន​៩១០ មកពី​អង្គភាព​សារ​ព័​ត៏​មាន​ចំនួន​៩២ ដើម្បី​ចូលរួម​យក​ព័​ត៏​មាន​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ៕