កម្ពុជា​នាំចូល​បន្លែស្រស់​ពី​ ២០០​ ទៅ​៤០០​តោន ក្នុង​មួយថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​អង្កេត​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ប្រទេស​កម្ពុជា​នាំចូល​បន្លែ​អាស្រ័យ លើ​រដូវ​កាល​ប្រមាណ​ពី​២០០ ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃ ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ប្រមាណ​ពី ១៥០ ទៅ​២០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ខណៈដែល​ការផលិត​និង​ផ្គត់ផ្គង់ បន្លែ​មាន​សុវត្ថិភាព​នៅលើ​ទីផ្សារ​ក្នុងស្រុក នៅមានកម្រិត​តិចតួច​នៅឡើយ ។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ថ្លែង​នៅក្នុង​ពិធី​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព​ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​នេះ​ថា បច្ចុប្បន្ន​ដោយសារ​ប្រជាជន​កម្ពុជា មាន​កំណើន​ជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ និន្នាការ​និង​ទម្លាប់​នៃ​ការហូបចុក ក៏មាន​ការប្រែប្រួល​ដោយ ពួកគាត់​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ គុណភាព និង​សុវត្ថិភាព ចំណីអាហារ ជាពិសេស​បន្លែ និង​ផ្លែឈើ​ស្រស់​។ បន្ថែម​ពីនេះ គឺមាន​ចំនួន​ទេសចរ​កើន​ឡើងជា​លំដាប់ ប៉ុន្តែ​ការផលិត​និង​ផ្គត់ផ្គង់ បន្លែ​មាន​សុវត្ថិភាព​នៅ លើ​ទីផ្សារ​ក្នុងស្រុក នៅមានកំរិត​តិចតួច​នៅឡើយ ដូច្នេះ​ការបង្កើន​ផលិតកម្ម​បន្លែ​សុវត្ថិភាព និង​មាន​បិទ​ស្លាក​សញ្ញា ត្រឹមត្រូវ​តាម​ស្តង់ដារ ជា​ការងារ​ចាំបាច់​បំផុត ដែល​ត្រូវ​សហការគ្នា សម្រេច​អោយបាន​គោលដៅ​នេះ ។

លោក វេ​ង សាខុន បាន​មានប្រសាសន៍​ទៀតថា ឆ្លើយតប​ទៅ និង​បញ្ហា​ដែល​កំពុង​ជួបប្រទះ រាជរដ្ឋាភិបាល​ដែលមាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ​បាន​ខិតខំ​ធ្វើយ៉ាងណា​ប្រមូលផ្តុំ និង​ប្រើប្រាស់​ធនធាន​និង​សក្តានុពល​ដែលមាន​ស្រាប់ ព្រមទាំង​គៀងគរ​ជំនួយ​បន្ថែមទៀត សំដៅ​លើកកម្ពស់​ផលិតភាព​កសិកម្ម និង​ពាណិជ្ជ​តូបនីយកម្ម កសិកម្ម​ដោយ​បង្វែរ​ទិស ពី​ការអភិវឌ្ឍន៍​តាមបែប​វិបុល​កម្ម ទៅកាន់​ការអភិវឌ្ឍន៍​បែប​ប្រពលវប្បកម្ម និង​កសិពាណិជ្ជកម្ម ពោលគឺ​ការពង្រីក គ្រាប់ពូជ​ដែលមាន​គុណភាព​ល្អ និង​ការបង្កើន​តម្លៃបន្ថែម ក្នុងការ​កែច្នៃ​កសិផល ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដារ​។ ទ​ន្ទឺ​ម​នេះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម យល់ឃើញថា ការរៀបចំ​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព គឺជា​ការ ឱកាសល្អ​មួយ​ដើម្បីអោយ​មានការ​ជួបគ្នា រវាង​កសិករ អ្នក​ផលិត អ្នក​កែច្នៃ អ្នកប្រមូល​ទិញ អ្នក​លក់ដុំ អ្នកប្រើប្រាស់​ដើម្បី​មានឱកាស ជជែក​គ្នា​ជុំវិញ​តម្រូវការ​ការផ្គត់ផ្គង់ និង​តម្លៃ​ផលិតផល​។ ជាពិសេស ដើម្បីអោយ​អ្នក​ដាំ​បន្លែ​យល់ដឹង​ច្បាស់​ពី​និយមន័យ​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព ព្រមទាំង​ផលប៉ះពាល់​នៃ​កសិផល​ដែល​មិនមាន​សុវត្ថិភាព​។

​សូមបញ្ជាក់ថា តាម​ការសិក្សា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ពី ១៥០​ទៅ​២០០​លាន​ដុល្លា​ក្នុង​មួយឆ្នាំ ដើម្បី​នាំចូល​បន្លែ​អាស្រ័យ​លើ​រដូវ​កាល​ប្រមាណ​ពី​២០០ ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ​៕