ដៃគូ​ពាណិជ្ជកម្ម ដំឡើង​ពន្ធ​នាំចូល​ជាការ​សងសឹក​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2018 ក+ ក-

​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​អាមេរិក បានអោយដឹងថា ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក នឹង​ត្រៀម​ដំឡើង​ពន្ធ​នាំចូល​លើ​ការនាំចេញ​ទំនិញ​អាមេរិក​ក្នុងតម្លៃ ៧៥​ពាន់​លាន​ដុល្លារ ជាការ​សងសឹក​ប្រឆាំងនឹង​ការវាយប្រហារ​ពាណិជ្ជក​ម្ម​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ការ​សងសឹក​នេះ​នឹង​ជះឥទ្ធិពល​ក្រុមហ៊ុន​ក្នុងស្រុក​របស់​អាមេរិក​ជាច្រើន ដែល​អាច​ងាយ​ទទួលរង​ការបាត់បង់​ការងារ​។

​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​រក្សា​គោលជំហរ​យ៉ាងរឹងមាំ​ក្នុងការ​ការពារ​សង្គ្រាម​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​កំពុង​កើនឡើង​របស់ខ្លួន​នេះ ដោយ​លោក Wilbur Ross រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែងថា សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​គឺ​រឹងមាំ​គ្រប់គ្រាន់​ក្នុងការ​ប្រឈម​នឹង​លទ្ធផល​ត្រឡប់​អវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច​។

​គួរ​កត់សំគាល់ថា អាមេរិក​នឹង​ចាប់ផ្ដើម​អនុវត្ត ការបន្ថែម​ពន្ធ​នាំចូល លើ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ចិន​មានតម្លៃ​ជាង ៣០ ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃ​សុក្រ ជាការ​សងសឹក​មួយ​ទៅលើ​ការចោទប្រកាន់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លួច​កម្មសិទ្ធិបញ្ញា​អាមេរិក​។ ប្រទេស​កាណាដា ក៏បាន​សងសឹក​វិញ​ប្រឆាំងនឹង​ពន្ធ​លើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក​ដោយ​ការ​ហូតពន្ធ​សងសឹក​លើ​ទំនិញ​អាមេរិក​ដែលមាន​តម្លៃ ១២,៦ ពាន់​លាន​ដុល្លារ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​។ រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​បានកំណត់​ទិសដៅ​ដែកថែប និង​អាលុយមីញ៉ូម​អាមេរិក​ព្រមទាំង​ទំនិញ​មកពី​តំបន់​រសើប​ផ្នែក​នយោបាយ​នានា ដូចជា ទឹកក្រូច និង​ស្រា​វី​ស្គី Kentucky មកពី​រដ្ឋ​ផ្លរីដា​ជាដើម​។

​លោក Thomas Donahue ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា «​ពន្ធ​នាំចូល​នេះ​គឺជា​ពន្ធ​ធម្មតា​ដែល​បង្កើន​តម្លៃ​សម្រាប់​គ្រប់គ្នា​»​។ សភាពាណិជ្ជកម្ម​អាមេរិក​បានលើកឡើង​ពី​ការនាំចេញ​ដែល​ងាយ​ទទួលរង​គ្រោះ​ដែលមាន​ប្រភពពី​រដ្ឋ​នានា​ដែល​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ប្រកបដោយ​ជោគជ័យ គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ ២០១៦ ដែល​នោះ គឺ​ការនាំចេញ​តម្លៃ ២,៣ ពាន់​លាន​ដុល្លារ​សម្រាប់​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម ព្រមទាំង​រថយន្ត​រប​ស់រ​ដ្ឋ មី​ឈី​ហ្គេ​ន ទំនិញ​តម្លៃ​១,៧ ពាន់​លាន​ដុល្លារ សម្រាប់​ដែក ថែប ដែក កាហ្វេ និង​ទំនិញ​នំដុត​របស់​រដ្ឋ ផេ​ន​ស៊ី​ល​វ៉ា​នៀ និង​ទំនិញ​តម្លៃ ១ ពាន់​លាន​ដុល្លារ សម្រាប់​ឈី​ស​ក្រដាស​បន្ទប់ទឹក និង​ឫស​ឈើ​របស់​រដ្ឋ វ៉ី​ស​ខន​ស៊ីន ដែល​ទាំងអស់នេះ​ប្រឈម​នឹង​ការសង​សឹក​ពី​ដៃគូ​ពាណិជ្ជកម្ម​អាមេរិក​។

​សភាពាណិជ្ជកម្ម​អាមេរិក​បាន​បោះពុម្ពផ្សាយ​ផែនទី​អន្តរ​កម្ម​មួយ ដែល​បង្ហាញ​ផលប៉ះពាល់​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​នៅក្នុង​រដ្ឋ​ទាំង​៥០​។ លោក Wilbur Ross បាន​ថ្លែងថា សេដ្ឋកិច្ច​អាមេរិក​មិនបាន​បង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​ដោយសារតែ​កំណើន​របាំង​ពាណិជ្ជកម្ម​នោះទេ ដោយសារ​មានការ​ចំណាយ​ទុន​ខ្ពស់ កំណើន​ការផ្ញើ​ទុន​មក​ប្រទេស​កំណើត និង​ទីផ្សារការងារ​៕