ស្វែងរក​អ្នកកាសែត​កម្ពុជា​ឆ្នើមក្នុង ការ​សរ​សេរ​អត្ថបទ​អំពើពុករលួយ នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2015 ក+ ក-

ភ្នំពេញ៖ ​ក្លឹបអ្នកកាសែត​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជាបាន​សហការរៀបចំ​កម្មវិធី​ប្រកួតប្រជែងពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម ស្តីពី ការសរសេរ​អត្ថបទ​បង្ហាញ​អំពើពុករលួយ នៅ​កម្ពុជា​។

នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ គឺជា​ថ្ងៃ​ផុតកំណត់ សម្រាប់​ការដាក់​អត្ថបទ​ចូលរួម​ប្រកួតប្រជែង​។ អត្ថបទ​លេខ​១ នឹងត្រូវ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១២០០​ដុល្លារ និង​មានឱកាស​ទៅ​ចូលរួម​សន្និសីទ លើក​ទី​១៦ ស្តីពី ការប្រឆាំង​អំពើពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែកញ្ញា​។​

​ដំណឹង នៃ​ការប្រកួតប្រជែង​អត្ត​បទ​របស់​អ្នកកាសែត ដើម្បី​ប្រជែង​យក​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ត្រូវបាន​ប្រកាស កាលពី​ព្រឹក​ថ្ងៃទី​២៤​មេសា​នេះ នៅ​ក្លឹប​អ្នកកាសែត​កម្ពុជា​។ ក្លឹប​អ្នកកាសែត​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា បាន​សហការ រៀបចំ​កម្មវិធី​ប្រកួតប្រជែង ដែល​នឹង​ផុតកំណត់ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​។​

​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​២៤​មេសា​នេះ​ថា ការប្រកួត​យកពានរ​ង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម ស្តីពី អំពើពុករលួយ មាន​គោលបំណង លើកទឹកចិត្ត​អ្នកសារព័ត៌មាន​កម្ពុជា ឲ្យ​មានការ​សរសេរ​ពី​អំពើពុករលួយ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ច្រើនឡើង ក៏ដូចជា ផ្តល់ជូន​ស្នាដៃ​ដល់​ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត​របស់​អ្នកសារព័ត៌មាន ដែល​បាន​លាតត្រដាង ពី​ការរំលោភបំពាន​ផ្នែក​អំណាច​។​

​តាម​លោក ព្រាប កុល ការប្រកួត​នេះ គឺ​បើកទូលាយ​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា ដែលមាន​ស្ថាប័ន​ពិតប្រាកដ និង​អ្នកសារព័ត៌មាន មិនមាន​ស្ថាប័ន​ពិតប្រាកដ​ធ្វើការ​ដោយ​ឯករាជ្យ ទាំង​នៅ​ផ្នែក​បោះពុម្ពផ្សាយ កាសែត និង​ទស្សនា​វ​ដ្តី និង​តាម​រលកអាកាស​វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​អ្នកសារព័ត៌មាន​អន​ឡាញ ឬ​គេហទំព័រ អ្នកសរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​ប្លុក​។ ប៉ុន្តែ​អ្នកសារព័ត៌មាន​បរទេស មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ឡើយ​។​

​រីឯ​លោក គី សុខ​លីម សមាជិក​គណៈកម្មាធិកា​រ​នាយក​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មានប្រសាសន៍ថា អត្ថបទ​ដែល​នឹងត្រូវ​ដាក់ចូល​ប្រកួតប្រជែង ត្រូវតែ​បរិយាយ​អំពី​ពុករលួយ ដែល​អាចជា​អត្ថបទ​ស៊ើបអង្កេត ឬ​លាតត្រដាង​ពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ​រប​ស់បុ​គ្គល របស់​ក្រុម ឬ​របស់​ស្ថាប័ន ដែល​នាំ​ឲ្យ​អន្តរាយ​ទាំង​បុគ្គល និង​សង្គម​។​

​នៅ​ថ្ងៃទី​១៥ ខែមិថុនា ជា​ថ្ងៃ​ផុតកំណត់​សម្រាប់​ការដាក់​អត្ថបទ​ចូលរួម​ប្រកួតប្រជែង​។ អត្ថបទ​នោះ ត្រូវតែ​ជា​អត្ថបទ ដែល​ត្រូវបាន​ផ្សាយ​រួចហើយ នៅ​ចន្លោះ​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​។ អ្នកកាសែត​ម្នាក់ អនុញ្ញាត​ឲ្យ​ដាក់​អត្ថបទ​ដ៏​ល្អ​បំផុត​ចំនួន​មួយ​ប៉ុណ្ណោះ សម្រាប់​ការចូលរួម​ប្រកួត​នេះ​។​

​លោក ព្រាប កុល បញ្ជាក់ថា អត្ថបទ​លេខ​១ ល្អ​បំផុត នឹងត្រូវ​ទទួល​រង្វាន់ ជា​ទឹកប្រាក់​ចំនួន ១២០០​ដុល្លារ និង​មានឱកាស​ទៅ​ចូលរួម​សន្និសីទ​លើក​ទី​១៦ ស្តីពី ការប្រឆាំង​អំពើពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ ខាងមុខនេះ​៕RFI1321TIC
​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​ស​ន្នី​សីទ​ព័ត៌មាន​@TIC