តំណាង​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​ពី​ឥណ្ឌា នឹង​មក​បង្ហាញ​ពី​គុណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ភ្នំពេញ ៖ គ​.​ជ​.​ប នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន Mysore paints and varnish limited ដែល​ផលិត​ទឹកខ្មៅ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មកជួប​ជាមួយ​តំណាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​នេះ​។ នេះ​បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែកក្កដា ម្សិលមិញ នេះ​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការអញ្ជើញ​តំណាង​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ដៃ​មក​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​គុណភាព​នៃ​ទឹកខ្មៅ គឺ​បន្ទាប់ពី​មាន​មជ្ឈដ្ឋាន​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​លើកឡើងថា ទឹកខ្មៅ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​។ លោក​ថា គ​.​ជ​.​ប សម្រេច​ប្រើ​ទឹកខ្មៅ​ដែល​ទិញ​ពី​ឥណ្ឌា នេះ គឺ​គុណភាព​គួរ​ឲ្យ​ទុកចិត្ត និង​គ្មាន​ចេតនា​អាក្រក់​ណា ធ្វើ​ឲ្យ​បាត់បង់​សន្តិសុខ​សុវត្ថិភាព ឬក៏​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះទេ​។​
​គួរ​បញ្ជាក់ថា គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចំនួន ៥១.០០០​ដប ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា Mysore paints and varnish limited ហើយ​ទឹក​ថ្នាំ​នេះ នឹងត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា ទឹកខ្មៅ​នេះ ត្រូវបាន​ក្រុមហ៊ុន Mysore paints and varnish limited ផលិត​ទឹកខ្មៅ​តាំងពី​ឆ្នាំ​១៩៣៨ មកម្ល៉េះ​តាម​ការផ្ដួចផ្ដើម​របស់​ស្តេច​នៅ​ប្រទេស​ឥណ្ឌា​។

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទៅលើ​ជន​ដែលមាន​បំណង​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​រារាំង​ដល់​ការបោះឆ្នោត​។​

​ជាមួយគ្នានេះ ដែរ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ និង​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងអស់​តាមដាន និង​ចាប់ខ្លួន​អ្នក​ដែល​ញុះញង់ ថា ថ្នាំ​ជ្រលក់​ម្រាមដៃ​ពេល​បោះឆ្នោត នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៕​