នាយករដ្ឋមន្ត្រី ហាម​មិន​ឲ្យ​យក​រថយន្ត និង​ថវិការដ្ឋ ទៅ​បម្រើការ​ឃោសនាបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ភ្នំពេញ ៖ នៅមុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពីរ​ថ្ងៃ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ​ទាំង អស់​ត្រូវ​រក្សា​បរិ​យាស​អ​ព្យា​ក្រិត ដោយ​មិន​ត្រូវយក​សម្ភារៈ និង​ថវិការដ្ឋ​យកទៅ បម្រើ​ឲ្យ​ការឃោសនាបោះឆ្នោត​នោះឡើយ​។ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បង្ក លក្ខណៈ​ងាយស្រួល​ដល់​បណ្តា​បក្សនយោបាយ​ធ្វើ​សកម្មភាព​នានា​ប្រកបដោយ ស្មើភាព និង​តម្លាភាព​។

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​២​ម៉ឺន​៧​ពាន់ មកពី​២៥​រោងចក្រ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្រើ ន​រំលឹក​ដល់​មន្ត្រី​ដែល​បម្រើការ​នៅក្នុង​ស្ថាប័នរដ្ឋ​ទាំងអស់ មិន​ត្រូវយក​សម្ភារៈ និង​ថវិកា​របស់​រដ្ឋ ដើម្បី​យកទៅ​បម្រើ​ដល់​ការឃោសនាបោះឆ្នោត​របស់​គណ បក្ស​ប្រជាជន​ជាដាច់ខាត​។ ការ​ក្រើនរំលឹក​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នាពេលនេះ ធ្វើឡើង​នៅមុន​ពីរ​ថ្ងៃ​នៃ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ដែល​នឹងត្រូវ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៧ ខែកក្កដា ដល់ទី​២៧ កក្កដា ខាងមុខនេះ​។ សម្តេច​តេ​ជោ​បាន​អំពាវ នាវ​ឲ្យ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​អ​ព្យា​ក្រិត​នៅក្នុង​ដំណាក់កាល​នេះ ពិសេស​ការពារ​ឲ្យ​ខាន​តែ​បាន​ចំពោះ​គ្រប់​បក្ស​ដែល​ចូលរួម​ការប្រកួតប្រជែង​ក្នុង ការបោះឆ្នោត​ឲ្យ​បាន​ដូចៗ​គ្នា ដោយ​ខិតខំ​សម្រួល​បរិយាកាស​ឲ្យ​បានល្អ ដើម្បី ការប្រកួតប្រជែង​ដោយ​ស្មើភាព​ចំពោះមុខ​ប្រជាពលរដ្ឋ​។

​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត សម្តេច​តេ​ជោ បាន​ពន្យល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន ការភ័នច្រលំ​ចំពើប​ណ្ណ​ព័ត៌មាន​ដែល គ ជ ប បានផ្តល់​ជូន​នោះ គឺ​មិនអាច​យក​ធ្វើជា ឯកសារ​ដើម្បី​ចូលរួម​ការបោះឆ្នោត​បាន​ទេ មានតែ​អត្តសញ្ញាណប័ណ្ណ​មួយគត់​ដែ លអាច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​បាន​។​
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាល​ម្សិល​ម៉ិ​ញ​គជប​បានធ្វើការ​អំពាវនាវ ដល់​បណ្តា​បក្សនយោបាយ បេក្ខជន និង​អ្នកគាំទ្រ​គណបក្សនយោបាយ​នីមួយ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ចាស់ទុំ​ខាង​នយោបាយ​ក្នុងការ​ឃោសនាបោះឆ្នោត​ខាង មុខ​។ លោក ឯម សូផាត សមាជិក​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) បាន​បញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត អាច ហែរ​ក្បួន ព្យុហយាត្រា​នៅ​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ យ៉ាងច្រើន​បំផុត​បាន​ចំនួន​៤​ដង នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​អាណ​តិ្ត​ទី​៦ ដែលមាន​រយះពេល​២១​ថ្ងៃ​។ ក្នុងនោះដែរ គណបក្សនយោបាយ​ទាំងអស់ មិនអាច​ហែរ​ក្បូន​របស់ខ្លួន ឆ្លងកាត់​ខេត្ត​ផ្សេង​បានឡើយ​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ត្រូវ​ឈប់សម្រាក នៅ​ចន្លោះ​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៦​ព្រឹក​។

​ចំពោះ​ការឃោសនា​ដោយ​ឧបករណ៍​បំពង​សំឡេង​វិញ ត្រូវ​ហាមឃាត់​ជាទូទៅ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល​។ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ មន្ត្រី​តុលាការ អាច​ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្សនយោបាយ​ណាមួយ នៅក្រៅ​ម៉ោង​បាន ប៉ុន្តែ​មិន​ពាក់​ឯកសណ្ឋាន មិនត្រូវ​មាន​អាវុធ​ជាប់​នឹង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំ​ឲ្យ​មានការ​គំរាមកំហែង​ឡើយ​៕