រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ខ្លួនឯង​របួសធ្ងន់​ស្រាល​ជាង​២០​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ខេត្ត​ន​ណ្ដា​ល​៖ កម្មករ កម្មការិនី រោងចក្រ មាណ​ជាង​២០​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ដោយសារ​រថយន្ត​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​ផ្សេងទៀត ហើយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​ចាក់​កម្មករ​ចោល​តែម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​តា​ម៉ូ​វ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ នេះ​បើតាម​ការឱ្យ​ដឹង​បឋម ពី​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង ។

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 2A-2203 ដឹក​កម្មករ​រោងចក្រ​ជាង​២០​នាក់ មកពី​ខាង​ខេត្តតាកែវ ឆ្ពោះទៅ​រោងចក្រ​មួយកន្លែង​នៅឯ​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បន្ថែមថា មុនពេល​កើតហេតុ រថយន្ត​ខាងលើ បាន​បើក​បោះពួយ​ដឹក​កម្មករ​ធ្វើដំណើរ​ចេញពី​ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ឆ្ពោះទៅ​រោច​ក្រ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​នោះបាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​រេ​ចង្កូត ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ដោយ​ខ្លួនឯង ចាក់​កម្មករ​ចោល បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ជាង​២០​នាក់​តែម្តង ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ព្រោះ​ខណៈ​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ រក​ជនរងគ្រោះ​ក្រែង​មាន​រងរបួស​បន្ថែមទៀត ។ ចំពោះ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង​មកពី​តាម​បណ្តាល​អង្គភាព មន្ទីរពេទ្យ ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ផ្សេងៗ​គ្នា និង​មាន​មួយចំនួន​ដឹកបញ្ជូន​ទៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញ ៕