ឃើញនាងដេកឈឺលើគ្រែម្នាក់ឯង ចូលថើបអង្អែល ស្អែកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2018 ក+ ក-

កណ្តាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាង ចាប់វាយ ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីម្នាក់ ប្តឹងថាបានធ្វើសកម្មភាព ស្ទាបអង្អែល និងថើបកូនស្រីគាត់ គ្រាដែលពួកគាត់មិននៅ ហើយកូនគាត់កំពុងដេកឈឺក្តៅខ្លួននៅលើគ្រែក្រោមផ្ទះតែម្នាក់ឯង។ អំពើប្រទូស្តកេរ្តិ៍ខ្មាស់នេះ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យ ដែល ត្រូវឃាត់ខ្លួនមានឈ្មោះ កុល សូវៀត (ហៅវៀត)ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរ លក់ដូរចាប់ហ៊ួយ មានទីលំនៅភូមិព្រែកពោធិឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល។ ចំណែកនារីរង គ្រោះមានឈ្មោះ ទ.ស.ន. ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី៧ មានទីលំនៅ ភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល។

លោក សេង សុជាតិ ឱ្យដឹងទៀតថា នៅវេលាកើតហេតុនារីរងគ្រោះ នាងបានដេកឈឺ ក្ដៅ ខ្លួន នៅលើគ្រែក្រោមផ្ទះម្នាក់ឯង ហើយឪពុក ម្ដាយមិននៅផ្ទះ ខណៈនោះជនសង្ស័យឈ្មោះ កុល សូវៀត បានចូលទៅយកដៃទៅស្ទាប និងថើបថ្ពាល់របស់នារីរងគ្រោះ រួចហើយជនសង្ស័យរូបនេះ បានដើរត្រឡប់មកផ្ទះខ្លួនវិញ ។ លុះស្អែកឡើង វេលាម៉ោងជាង ៤រសៀល ទើបឈ្មោះ ស្រ៊ុន សុផល ដែលត្រូវជាម្ដាយនារីរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិទឹកវិល។ ក្រោយ ពេល ទទួលបានពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនឈ្មោះ កុល សូវៀត មកប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ។

ជនសង្ស័យឈ្មោះ កុល សូវៀត បានសារភាពទទួលស្គាល់ពីទង្វើរបស់ប្រាប់ដល់សមត្ថកិច្ច ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បី ចាត់ការតាមនីតិវិធី៕