ឈ្មួញ​រិះគន់​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង មន្ត្រី​បរិស្ថាន​រឿង​ជំរិត​ទារលុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ អ្នក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​តាមរយៈ​គោយន្ត​កន្ត្រៃ និង​រថយន្ត​តូចៗ​មួយចំនួន បាន រិះគន់​ចោទប្រកាន់​លោក ហ៊ុល​ម៉ា​រា និង​លោក ឈុន ឈា​ហេង ថា កំពុង​ដើរតួនាទី​ជា​សមត្ថកិច្ច បរិស្ថាន​ខេត្តកំពង់ស្ពឺ ដោយ​ជិះ​រថយន្ត​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ នៅលើ កំណាត់​ផ្លូវលំ​តំបន់​ជាំ​កន្ទួត កៀប​ជម្រិត​ទារលុយ​តាម​អំពើ​ចិត្ត ដែល​ខ្លួន​មាន​ឋានៈ​ជា​មន្ត្រី​រាជ​រដ្ឋា ភិ​បាល ដោយ​គ្មាន​ការ​ខ្មាស់អៀន​នោះឡើយ​។

​បើតាម​ការអះអាង​រប​ស់​ពលរដ្ឋ​ឈ្មោះ លី និង​ឈ្មោះ ចិត្ត បាន​បញ្ជាក់ថា ការដឹក​អនុផល​ព្រៃឈើ​ជា រៀងរាល់​លើក បើ​មិន​ទូរស័ព្ទ​ប្រាប់​លោក​ទាំងពី​ជាមុន​ទេ ច្បាស់​ជា​ត្រូវ​ឃាត់​ចាប់​ទារលុយ​យ៉ាង​ចាស់ដៃ ជា មិន​ខាន ។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង បាន​ដឹកឈើ​អារ ប្រហែល ២​ម៉ែត្រគូប និង​រថយន្ត​ដឹកឈើ​១​គ្រឿង នៅ​ចំណុច​ផ្លូវលំ ចំណុច តេ​ទឹក​ពុះ ត្រូវ បាន​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ប្រដេញ​ទារលុយ ពី​ក្រុម​គោយន្ត​ក្នុង​មួយគ្រឿង​ចំនួន ៣០.០០០​រៀល ដោយឡែក​ឡាន​ដឹកឈើ​មួយគ្រឿង ដែល​ចេញពី​តំបន់​(​ជាំ​)​មកដល់ ចំណុច (​តេ​ទឹក​ពុះ​) ស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​លោក​ទាំង​២​កាក់ ចាប់​ដោយ​តម្រូវអោយ​បង់លុយ​ចំនួន​៥០០​ដុល្លារ និង​ព្រមាន​ម្ចាស់​ឡាន​ថា បើ​មិន​បង់​ទេ នឹងត្រូវ​ចាប់​អូស​ទាំង​ឡាន ទាំង​មនុស្ស​យកទៅ​ទុក​នៅ​ស្នាក់ ការ បរិស្ថាន​ទៀតផង​។​
​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​រាយការណ៍​ថា លោក ហ៊ុល ម៉ា​រា ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា អនុប្រធាន​ការិយាល័យ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចំណែក​លោក ឈុន ឈា​ហេង ជា​ប្រធាន​កម្រង​នៃ​មន្ទីរ បរិស្ថាន​ខេត្ត​។ លោក​ទាំង​២​នាក់​នេះ ត្រូវបាន​អ្នករកស៊ី​ឈើ​ខុសច្បាប់ ស្គាល់​គាត់​ច្បាស់​ជាង​អ្នកណាៗ ទាំង អស់ និង​មាន​អ្នកខ្លះ​ហៅ​គាត់​ថា មេៗ ថែម​ទៀតផង ។​ដូច្នេះ​នៅ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នេះ គាត់​ទំនងជា ធំ​ជាង​លោក ខន សុខុន ដែលជា​នាយក​ដែន នៅ​តំបន់​នោះ​ទៅទៀត​។​

​ប្រភព​ដដែល បន្តថា បើ​ចំពោះ​លោក ឈុន ឈា​ហេង វិញ កាលពីមុន ជា​អតីត​នាយក​ដែន​ជំរក​សត្វ ព្រៃ ភ្នំ​ឱ​រ៉ា​ល់ ក្រោយមក​ដោយសារ​មានរឿង​អាស្រូវ​ពុករលួយ​ច្រើនពេក ត្រូវ​ថ្នាក់លើ​ដក​ទៅ​ឲ្យ​អង្គុយ លេង ហ្វេ​ស​ប៊ុ​ក នៅ​ក្រសួង​បាត់​មួយរយៈ ស្រាប់តែ​ឥឡូវនេះ ឃើញ​គាត់​មក​បង្ហាញមុខ​ជាថ្មី ក្នុងឋានៈ​ជា ប្រធាន កម្រង គឺ​កាន់តែ​ធំ​ជាង​មុន​ទៅទៀត​។ ដោយសារតែ​ត្រូវ​ចំណាយ​អស់​ច្រើន​ដើម្បី​បាន​ឡើង​ធំ​អីចឹង​ហើយ ទើបបាន ជា​ពេល​គាត់​មកកាន់​តំណែង​នេះ​ភ្លាម សកម្មភាព​ខាង​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹក ជញ្ជូន ឈើ​យកលុយ​ទាំងយប់​ថ្ងៃ គឺ​សកម្ម​ខ្លាំ​ហណាស់​គ្មាន​លោះ​ពេល​ទេ ជាមួយ​លោក ហ៊ុល ម៉ា​រា ដោយ​គ្មាន ការ​ខ្មាស់អៀន​នោះឡើយ​។​

​ប្រភពពី​ម្ចាស់​ដេប៉ូ​ឈើ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ លោក ឈុន ឈា​ហេង និង​លោក ហ៊ុល ម៉ា​រា គេ​សង្កេតឃើញថា គាត់​មាន​សកម្ម​ភាពខ្លាំង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤៤ ភូមិ​ជាំ​ផ្លូវបំបែក តេ​ទឹក​ពុះ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ភាគច្រើន​នៅពេល​យប់​។​
​ប្រភព​ដដែល​បន្តទៀត​ថា លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង បាន​យក​រថយន្ត​ផ្ទាល់ខ្លួន ប្រដេញ​យកលុយ​ពី​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ មិនមែន​ដេញ​ដើម្បី​បង្ក្រាប​នោះ ទេ គឺ​ប្រដេញ​យកលុយ​មិន​ឲ្យ​រួច​មួយ​ករណី​ណា​ឡើយ សូម្បីតែ​រឿង​ដឹក​អនុផល​ព្រៃឈើ​កំ​ប៉ិច​កំប៉ុក​ក៏​ទារ ៤ ឬ ៥,០០០​រៀល​ដែរ ហើយ​បើ​ឈើ​បង្គោលរបង​ឬ​ឈើ​អារ​វិញ​នោះ គឺ​ធ្ងន់ ក តែម្តង​។ និយាយ​រួម​ឲ្យ​តែ មិន ទូរស័ព្ទ​តថ្លៃ​សុំ​ឲ្យ​លោក​បើកផ្លូវ​ជាមុន ច្បាស់​ជា​គាត់​ចាត់​ការយក​ម៉ា​ចាស់ដៃ​ជាមិនខាន​។ ប្រភព​ដដែល នេះ បន្តថា ជាងនេះទៅទៀត​នៅពេល​ស្ទាក់​ឃាត់​គោយន្ត និង​រថយន្ត​ដឹកឈើ​ម្តងៗ គឺ​គាត់​តែងតែ​យកឈ្មោះ ថ្នាក់ដឹកនាំ​មក​ព្រមាន​ជានិច្ច ដោយនិយាយ​ថា​មេៗ​ចេញ ប៉េ អោយ​ពួកគាត់​មករក​លុយ​ដើម្បី​ចិញ្ចឹម មេ មិន អាចធ្វើ​លេងសើច​លំៗ​ទេ​។​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈើ​ម្នាក់ បាន​បង្ហើប​ថា លោក​ទាំង​២ បានទទួល​សំណូក​ប្រចាំខែ ពី​អ្នកជួញដូរ ឈើ​ខុសច្បាប់ នៅ ដំបង​វិញ រាប់ពាន់​ដុល្លា​ក្នុង​១​ខែៗ​។ មានការ​លើកឡើងថា ទង្វើ​ដ៏​អនាធិបតេយ្យ​របស់ មន្ត្រី ទាំងពីរ​នាក់​នេះ គួរ​ណាស់​តែ​ថ្នាក់ដឹកនាំ​ខាង​មន្ទីរ ក៏​ដូច​ក្រសួងបរិស្ថាន ពិនិត្យ​ចាត់​មន្ត្រី​អោយ​ចុះ អង្កេត​មើល​ផង បើ​បណ្តែតបណ្តោយ​តទៅទៀត​នាំអោយ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ក្រសួងបរិស្ថាន​ស្អាតស្អំ​ដទៃទៀត ជាក់​ជាមិនខាន​ឡើយ​។​

​ពាក់​ព​ន្ធ័​នឹង​ការលើកឡើង​របស់​អ្នករកស៊ី​ខាងលើ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ហ៊ុល ម៉ា​រា និង លោក ឈុន ឈា​ហេង មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​នៅឡើយ​ទេ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ​៕