ព័ត៌មាន​បន្ថែម ស្តីពី​ករណី​ឃាត់ខ្លួន​មេខ្យល់​ចាប់យក​ដី​ចំណីផ្លូវ​រថភ្លើង​ចែកគ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ក្រុងព្រះសីហនុ ៖ មនុស្ស​៣​នាក់ ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ សម្រេច​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ បន្ត ខណៈ​ពីរ​នាក់​ផ្សេងទៀត​អោយទៅ​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​សិន​និង​ម្នាក់ទៀត​លួច​រត់គេចខ្លួន​ពេល​បញ្ជូន​ដល់​ពេទ្យ​ដោយ​បន្លំ​ធ្វើ​ឈឺ​។ ជន​ទាំង​៦​នាក់​នេះ ជាប់​ពាក់​ព​ន្ធ័​ករណី​កេណ្ឌ​គ្នា​មក​ចាប់ដី ជាប់​ផ្លូវ​រថភ្លើង​ចែកគ្នា​ជា​បន្តបន្ទាប់ ក្នុងឱកាស​រដូវ​ដែល​អាជ្ញាធរ​កំពុង​មមាញឹក​ក្នង​ការរៀបចំ​ការបោះឆ្នោត​។ នេះ​បើតាម​មន្ត្រី​សមត្ថកិច្ច ថ្លែង​បញ្ជាក់​ក្នុងពេល​ប្រតិបត្តិ​ក​ចរណ៍​។​

​នៅវេលា​ថ្ងៃត្រង់​នៃ​ថ្ងៃអាទិត្យ​ទី ០៨​ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុម​ពលរដ្ឋ ដើរ​ចាប់ដី​អនាធិបតេយ្យ​០៣​នាក់​ក្នុងចំណោម​០៦​នាក់ ដែល​បាន​នាំខ្លួន​មក​សួរនាំ នេះ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ហើយ ដើម្បី​ចាត់ការ​បន្ត ពាក់​ព​ន្ធ័​ការនាំគ្នា​ដើរ​ចាប់ដី​ដ៏​អនាធិបតេយ្យ​នៅ​ចំណុច​មុខ​រោងចក្រ សាន់​វ៉ា ស្ថិតក្នុង​ក្រុម​៣៥ ភូមិ​៣ ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ក្រុម​ពលរដ្ឋ​ទាំងនេះ​បើតាម​ប្រភព​ថា ជា​ក្រុម​ដែល​តែង​ប្រមូលគ្នា​ដើរ​ចាប់ដី​រដ្ឋ​ដោយ​បំពាន​តាម​ការ​ញុះញង់​របស់​មេខ្យល់​រួច​លើកគ្នា​តវ៉ា​ស្នើសុំ​កាន់កាប់​ឬ​ដោះដូរ​គោលនយោបាយ​(​ពូកគេ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​)​នៅ​រាល់ពេល​រដូវ​កាល​បោះឆ្នោត​ជិត​ឈាន​មកដល់​ម្តងៗ​។​

​ជុំវិញ​ករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បានបញ្ជាក់​ថា​មាន​០៣​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ ចំណែក​០២​នាក់​ទៀត​អោយទៅ​សំរាក​នៅ​ពេទ្យ​សិន​រងចាំ​ការសួរនាំ​តាម​ក្រោយ​បន្ទាប់ពី​សុខភាព​បានល្អ​ប្រសើរឡើង​វិញ ចំណែក​ម្នាក់ទៀត ឈ្មោះ​អ៊​ន់ ឈុន​លាង ភេទ​ស្រី អាយុ​58​ឆ្នាំ ដែល​ប្រើល្បិច​ធ្វើជា​ឈឺ​ហើយ​លួច​រត់គេចខ្លួន​តែម្តង ពេលនេះ កំពុង​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ដើម្បី​តាម​ចាប់ខ្លួន​។​លោក អធិការ បាន​បន្ថែមថា លោក មិន​ចង់​អង្គុយ​បក់ផ្សែង​ទេ​។​

​លោក ភុល ភស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បញ្ជាក់ទៀតថា តាម​ការសាកសួរ​លើ​ជនសង្ស័យ​ទាំង​06​នាក់​ខាងលើ​បានអោយដឹងថា​:
​ពួកគាត់​ពិតជា​បាន​សាងសង់​ផ្ទះ​រំលោភ​យក​ដី​ចំណីផ្លូវ​រថភ្លើង​យក​ធ្វើជា​កម្ម​សិទ្ធ ដោយ​គ្មាន​លិខិត​ឬ​ឯកសា​សំគាល់ និង​គ្មាន​អាជ្ញាធរ​រដ្ឋអំណាច​ណា​ទទួលស្គាល់​ឡើយ​។​

​បើតាម​ប្រភព​ច្បាស់ការ​អោយដឹងថា​ក្នុងចំណោម​ជន​អនាធិបតេយ្យ​ដីធ្លី​ទាំង​០៦​នាក់​នេះ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន វ​ន្នី ដែល​គេ​ដឹងថា​ជា​ជើង​ខ្លាំង​ម្នាក់​តែង​នាំ​អ្នកដទៃ​តវ៉ា​ជាច្រើន​កន្លែង​នៅ​ក្រុងព្រះសីហនុ ក្នុងនោះ​ក៏​ធ្លាប់មាន​វត្តមាន​ក្នុងការ​តវ៉ា​យ៉ាង​ខ្លាំងក្លា ក្នុងការ​ការពារ​ដីធ្លី​អោយ​ស្ត្រី​ម្នាក់​ក្នុង​ជំលោះ​ដណ្តើម​ដីធ្លី​នៅ​តំបន់​អូរ​ដំរី​ថ្មីៗ​នេះ​ផងដែរ​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​ពលរដ្ឋ​ខ្លះ​ក្នុងចំណោម​ក្រុម​អនាធិបតេយ្យ​ទាំងនេះ​ថា​ពួកគេ​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្រុម​៣៥​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ពូកគេ​ខ្លះ​បាន​ទិញ​ដី​ជាប់​ផ្លូវ​រថភ្លើង​នេះ​តៗ​គ្នា​ក្នុង​តំលៃថោកៗ​ដើម្បី​ធ្វើ​ផ្ទះ​នៅ​ដោយ​លើក​ហេតុថា ពួកគេ​ជា​ជនក្រីក្រ​រស់នៅ​ដោយ​ជួល​ផ្ទះ​គេ​។​តែ​អ្នកខ្លះ​ទៀតថា ឃើញ​គេ​ចាប់​នៅបាន​ក៏​មក​ចាប់​តាម​គេ​ដែរ​ក្រែង​ថ្ងៃក្រោយ​រដ្ឋ​មានការ​ដោះដូរ​គោលនយោបាយ​ណាមួយ​ជួន​ពួកគេ​វិញ​។​

​ករណីនេះ​មាន​ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​បាន​បង្ហើប​ថា ក្រុម​ពលរដ្ឋ​ទាំងនេះ​មាន​មេខ្យល់​នាំ​អោយធ្វើ ហើយ​ពេលនេះ​មេខ្លោង​នោះ​កំពុង​ត្រៀម​អន្តរាគមន៍ ដើម្បី​ជួយ​សំរួល​ដោះលែង​កូនអុក​របស់ខ្លួន អោយបាន​ត្រឡប់ទៅផ្ទះ​វិញ​។​

​សូមបញ្ជាក់ថា ក្រុម​ពលរដ្ឋ​អនាធិបតេយ្យ​ដីធ្លី​ទាំង​៦​នាក់ នេះ ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ បាន​នាំខ្លួន​មក​សាកសួរ​កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ គ្រា​ដែល​ពូ​គេ​ជាច្រើន​នាក់​បាននាំគ្នា​ទៅ​ចាប់ដី​ផ្លូវ​រថភ្លើង​ចែកគ្នា មាន​ទីតាំង​នៅមុខ​រោង​ចក្រ សាន់​វ៉ា ស្ថិត​ក្នុងភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ គ្រា​ដែល​ដី​ឡើងថ្លៃ និង​ស្របពេល​រដូវ​ឃោសនាបោះឆ្នោត​ផង អា​ជ្ញ​ធ​រតែង​យោគយល់​ដល់​ពួកគាត់​ច្រើន​នាពេល​កន្លងមក​។​

​ជន​ទាំង​០៦​នាក់​នេះ​រួមមាន ៖
1_​ឈ្មោះ ឈុន វ​ន្នី ភេទ​ស្រី​អាយុ​57​ឆ្នាំ មុខរបរ កម្មករ​ជួស​មង​
2_​ឈ្មោះ នូ​ន ថូ ភេទ​ស្រី អាយុ​36​ឆ្នាំ មុខរបរ រើស​អេតចាយ​
3_​ឈ្មោះ បឿន វណ្ណា ភេទ​ប្រុស អាយុ​67​ឆ្នាំ មុខរបរ កម្មក​
4_​ឈ្មោះ ងិន សុខ​ខុន ភេទ​ស្រី អាយុ​55​ឆ្នាំ មុខរបរ អ្នក​អាណា​ម័​យ​
5_​ឈ្មោះ អ៊ុង ណាវី ភេទ​ស្រី អាយុ​49​ឆ្នាំ មុខរបរ​លក់​បបរ​
6_​ឈ្មោះ អ៊​ន់ ឈុន​លាង ភេទ​ស្រី អាយុ​58​ឆ្នាំ (​បានគេច​ខ្លួន​ក្នុងពេល​សម្ថ​កិច្ច​ជួយសង្គ្រោះ​មាន​អាការ​:​ជំងឺ​បេះដូង នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ខេត្ត​ព្រះសីហនុ ) មុខរបរ​ល​ក់់បាយ​។​
​អ្នក​ទាំង​06 បច្ចុប្បន្ន​រស់នៅ​ក្រុមទី​35 ភូមិ​3​ទំនប់រលក សង្កាត់​លេខ​1 ក្រុងព្រះសីហនុ​៕