​ស្ត្រី​ខ្មែរ​ស៊ីឈ្នួល​ពពោះ​ជំនួស​៣២​នាក់ ត្រូវដាក់​គ្រប់គ្រង​ក្នុង​មន្ទីរពេទ្យ​១៦​ឧសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ ៣២ នាក់​ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន និង​អន្តរ​ការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ ដើម្បី​ងាយស្រួល​តាមដាន​។

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​លោក សន កែវ ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ត្រី​ខ្មែរ​ចំនួន ៣២ នាក់ ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​យកទៅដាក់​នៅ​មន្ទីរពេទ្យ​នគរបាល​១៦​ឧសភា ដើម្បី​ងាយស្រួល​តាមដាន​សុខភាព និង​គ្រប់គ្រង​។ ចំពោះ​ផែន​ការបន្ត​ទៅមុខទៀត ខ្ញុំ​មិនទាន់​ដឹង​នៅ​ឡោះ​យ​ទេ​។​

​សូម​រម្លឹកថា លោក កោ វណ្ឌី កាលពី​រសៀល​ថ្ងៃទី ២៩ ខែមិថុនា​ឆ្នាំ ២០១៨ ក៏បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន បុរស​ចិន​ម្នាក់​ឈ្មោះ LlU QlANG អាយុ​៤៩ ឆ្នាំ ជា​មេការ និង​ស្ត្រី​ខ្មែរ​ចំនួន ៤ នាក់​ទៀត​ដែលជា​មេការ​និង​ជា​អ្នកបកប្រែ​ពីបទ «​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន​» និង​បទ «​អន្តរ​ការ​រវាង អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​» យោងតាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យោងតាម​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​ដូចគ្នានេះដែរ ។​

​សូមជម្រាបថា ពួកគេ​ទាំង​៥​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះមួយ​នៅ​ខណ្ឌឫស្សីកែវ ពីបទ​បង្កើត​ភ្នាក់ងារ​ស៊ីឈ្នួល​ពពោះ​ជំនួស​យក​កូន​លក់​ឲ្យ​បរទេស ដោយ​ខុសច្បាប់ ហើយ​ក្នុងពេល​ចុះបង្ក្រាប​នោះ សមត្ថកិច្ច​ក៏បាន​រកឃើញ​ស្ត្រី​ចំនួន​៣២ នាក់ ខណៈ​ពួកគេ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ៕