ជក់បារី​ពេល​បញ្ចូល​ហ្គាស​ឆេះ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​១​គ្រឿង របួស​២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2018 ក+ ក-

​កំពង់ស្ពឺ ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​២​នាក់​បាន​រងរបួស និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ១​គ្រឿង​បាន ឆេះ​អស់​គ្មាន​សល់ ដោយសារតែ​អ្នកបើកបរ​រថយន្ត​នេះ ទាញ​បារី​អុជ​ជក់ ក្នុងពេល​ចាក់​បញ្ចូល​ហ្គាស​រថយន្ត​ក្នុង​ស្ថានីយ៍​តេ​លា​មួយកន្លែង បណ្តាលអោយ​ឆាបឆេះ​រាលដាល​ដល់​រថយន្ត​ខ្ទេច តែម្តង កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី​ព្រឹក ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅមុខ​ស្ថា​នី​ប្រេង​តេ​លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៧ ទៅ​លេខ​១៨ ស្ថិតនៅ​ក្នុងភូមិ​ចំបក់​ក្អែរ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​របស់​មន្ត្រីនគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា​មាន​ករណី​ផ្ទុះ​ឆេះ​រថយន្ត​ហាយ​ឡែ​ន​ឌ​រ័ ពេល ចូល​ចាក់​ហ្គាស​នៅ​ដេប៉ូ​តេ​លា ភូមិ​ចំបក់​ក្អែ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​មែន​។ នគរបាល​បន្តថា​ ​ម្ចាស់​រថយន្ត​មាន ឈ្មោះ​ម៉ៅ​សុខ​ហៀ​ង អាយុ​ជាង​២០​ឆ្នាំ បានរួម​ដំណើរ​ដោយ​ជនជាតិ​ចិន​ម្នាក់ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ​។​

​តាម​សម្តី​របស់​ម្ចាស់​រថយន្ត​បាន​ប្រាប់​នគរបាល​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​នោះ ពួកគេ​បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​(Highlander)​បាន​ចូលមក​ចាក់​ហ្គាស​ក្នុង​ស្ថានីយ៍​ប្រេង​តេ​លា មួយកន្លែង​ពេល​កំពុងតែ​ចាក់​ហ្គាស​នោះ ស្រាប់តែ​ជនជាតិ​ចិន​បាន​យក​បារី​មក​ជក់​បណ្តាលអោយ​ឆាបឆេះ​បង្កអោយមាន​អណ្តាតភ្លើង​ឆេះ​រថយន្ត រង​ការខូចខាត និង​របួស​មនុស្ស​ទាំង​២​នាក់​តែម្តង​។​

​ការខូចខាត​ឆេះ​រថយន្ត​ហាយ​លិ​ន​ឌ័​រ​1​គ​ក្រឿង​នឹង​របួស​មនុស្ស​ស្រាល​2​នាក់​ប្រុស​ជនជាតិ​ចិន​1​នាក់​ ​ប្រើប្រាស់​ទឹក​1​ឡាន ទើប​រលត់ ចំណែក​អ្នករងរបួស​បាន​បញ្ជូន​ទៅ​ព្យាបាល រីឯ​រថយន្ត​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕