ក្មេង៣នាក់ទៀតត្រូវបាននាំចេញលើកទី៣ ពីរូងភ្នំថាមលួងដោយសុវត្ថិភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2018 ក+ ក-

ថៃ ៖ ក្មេងៗ ចំនួន៣នាក់បន្ថែមទៀតត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ នៅល្ងាច ថ្ងៃអង្គារ៏នេះ ក្នុងប្រតិបត្តិការលើកទីបី ដែលចំនួនក្មេងដែលត្រូវបាននាំចេញពីរូងភ្នំ បាន កើនដល់១១នាក់ គិតត្រឹមម៉ោង៥ និង៣០នាទីល្ងាចនេះ ហើយ កំពុងប្រតិ បត្តិការបន្តសំរាប់ ក្មេងប្រុសម្នាក់ទៀត និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដើម្បីសម្រេច ការ យកចេញដោយជោគជ័យ សំរាប់ប្រតិបត្តិការចុងក្រោយ។

សំឡេងអបអររបស់អ្នករង់ចាំនៅខាងក្រៅរូងភ្នំ រួមជាមួយនឹងការបញ្ជាក់របស់កងកម្លាំង NAVY SEAL បង្ហាញថា ក្មេងៗ ចំនួន៣នាក់ បន្ថែម ពិតជាត្រូវបានសង្រ្គោះ ។ ប្រតិបត្តិការទីបី ក្នុងការ នាំក្មេងចេញមានពេលវេលា លឿនជាងការរំពឹងទុក ។

អាជ្ញាធរថៃបានសម្រេចឲ្យអ្នកជំនាញមុជទឹក នាំយកក្មេងចេញចាប់តាំងពីថ្ងៃពីថ្ងៃអាទិត្យ បន្តបេសកកម្មរហូតដល់ថ្ងៃអង្គារ៏នេះ ព្រោះអ្នកជំនាញមុជទឹកស្គាល់ស្ថានភាពរូងភ្នំច្បាស់ ហើយពួកគេដឹងថាត្រូវដោះស្រាយបញ្ហាដោយរបៀបណា ។ ក្មេងៗត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ឈៀងរ៉ៃ ភ្លាមៗក្រោយចេញពីរូងភ្នំ ។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លុបចោលទស្សនកិច្ចទៅកាន់ទីតាំងក្បែររូងភ្នំដោយសារចៀសវាងការរំខានដល់ប្រតិបត្តិការជួយសង្គ្រោះដែលស្ថិតក្នុងតំណាក់កាលសំខាន់បំផុត ហើយលោកឧត្តមសេនីស្ថិតនៅក្បែរក្នុងទីប្រជុំជនខេត្តឈៀងរ៉ៃ ។ កាលពីថ្ងៃ អាទិត្យ ក្មេងៗ៤នាក់ត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ នៅក្នុងប្រតិបត្តិការទីមួយ ប្រើរយៈពេលជិត ៦ ម៉ោង ហើយ៤នាក់ទៀតបានយកចេញនៅល្ងាចថ្ងៃច័ន្ទ ហើយនៅល្ងាចថ្ងៃអង្គារ៏ក្មេងៗចំនួន ៣នាក់ទៀត ត្រូវបានយកចេញ ដែលជាការសម្រេចចិត្តរបស់អាជ្ញាធរ ថៃ ជ្រើសរើសយកជម្រើសទីពីរ គឺនាំចេញក្មេងៗទាំងពេលដែលទឹកក្នុងរូងភ្នំ និងបន្តការបូមទឹកចេញ ទោះជាអ្នកជំនាញអន្តរជាតិព្រមានថាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ៕