ឯកអគ្គរដ្ឋទូត​ចិន​ជំរុញ​ឲ្យ​មានការ​សិក្សា​ភាសា​ចិន ខណៈ​ទូទាំង​ពិភពលោក ១/៥ ប្រើ​ភាសា​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2018 ក+ ក-

​ភ្នំពេញ ៖ លោក សុង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ក្នុងឱកាស​នៃ​ពិធី​ប្រគល់​វិញ្ញាបនបត្រ បញ្ចប់​ការសិក្សា​ភាសា​ចិន ថ្នាក់​បឋម​ដល់​មន្ត្រីរាជការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ចំនួន​២៥​រូប នា​ទីស្តីការក្រសួង ព្រឹក​ថ្ងៃទី​១០ កក្កដា បាន​ជុះ​រុញអោយ មានការ​សិក្សា​ភាសា​ចិន​អោយបាន​ច្រើន ខណៈដែល​ពលរដ្ឋ​ទូទាំង​ពិភពលោក​ប្រមាណ ១ ភាគ ៥ ប្រើប្រាស់​ភាសា​ចិន ដែល​នេះ​បាន​បង្ហាញថា ភាសា​ចិន​កំពុងមាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ភាសា​យាន​ជា​អន្តរជាតិ​។​

ក្នុងឱកាស​នេះ លោក​បាន​គូសបញ្ជាក់ថា ប្រទេស​ចិន ក្រោម​កិច្ចសហការ​ជាមួយ វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន និង​កំពុងមាន​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ បណ្តុះបណ្តាល​ភាសា​ចិន​ដល់​មន្ត្រីរាជការ​កម្ពុជា ហើយ​ក្រៅពីនេះ​ក៏មាន​អ្នក​បាន​ទៅ​បន្ត​ការ សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។ ជាមួយគ្នានេះ​លោក សុង ប៉ បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​ការរីកចំរើន​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ចិន ដែល​បាន​ឈាន​មកដល់​ខួប ៦០​ឆ្នាំ នៅ​ឆ្នាំនេះ​។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច មានប្រសាសន៍ថា ភាសា​ចិន ក៏ដូចជា​ភាសា បរទេស​ផ្សេងៗ​ទៀត​មាន​សារសំខាន់​ណាស់​ក្នុង​ការធ្វើទំនាក់ទំនង​ជា​អន្តរជាតិ ក្នុងនោះ​ក៏ មាន​ភាសា​ចិន​ផងដែរ​។
​លោកជំទាវ​បានស្នើ​ដល់​ភាគី​ចិន​អោយ​បង្កើន​នូវ​ការបណ្តុះបណ្តាល ភាសា​ចិន​ដល់​មន្ត្រីរាជការ​កម្ពុជា​អោយបាន​ច្រើន​បន្ថែមទៀត ជាពិសេស​ពង្រីក​វិសាលភាព ទៅដល់​ទាំង​២៥​រាជធានី​/​ខេត្ត​នៃ​ប្រទេស​កម្ពុជា​។

​ជាមួយគ្នានេះ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ចិន ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំ ១៩៥៨ ហើយ​លោកជំទាវ​សូម​ឧទ្ទិស​ការប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ភាសា​ចិន​ថ្នាក់ បឋម​ជូន​មន្ត្រីរាជការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​នាពេលនេះ អោយក្លាយ​ទៅជា​គ្រឹះ​កាន់តែ​រឹងមាំ​នៃ​ទំនាក់ទំនង​នេះ​៕