អាកាសចរណ៍​កម្ពុជា អ៊ែរ​វ៉េ ចាប់ផ្តើមបើក​ជើងហោះហើរ​ក្នុងស្រុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2018 ក+ ក-

​ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អ៊ែរ​វ៉េ បានចាប់ផ្តើម​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ក្នុងស្រុក​ជា​លើកដំបូង​របស់ខ្លួន នៅ​ថ្ងៃទី​១១ ខែកក្កដា ហើយ​គ្រោង​បើក​ការហោះហើរ​កម្រិត​អន្តរជាតិ​ទៅកាន់​ទីក្រុង​ម៉ា​កាវ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែកក្កដា ខាងមុខនេះ​។​

​អ្នកគ្រប់គ្រង​ទីផ្សារ និង​យីហោ​ក្រុមហ៊ុន កម្ពុជា អ៊ែរ​វ៉េ លោកស្រី សុខ រ៉ាវី បាន​ឲ្យ​ដឹងថា​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ដែល​ត​ភ្ជាប់​ភ្នំពេញ សៀមរាប និង​ភ្នំពេញ ក្រុងព្រះសីហនុ និង​ប្រតិបត្តិការ​ជើងហោះហើរ​ប្រចាំថ្ងៃ ខណៈ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចេញពី​សៀមរាប​-​ម៉ា​កាវ ភ្នំពេញ​-​ម៉ា​កាវ និង​ក្រុងព្រះសីហនុ​-​ម៉ា​កាវ នឹង​ប្រតិបត្តិការ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​។ លោកស្រី​បន្ថែមថា ក្រុមហ៊ុន​គ្រោង​នឹង​ប្រតិបត្តិការ​ផ្លូវ​ហោះហើរ សៀមរាប​-​តៃវ៉ាន់ ម៉ា​កាវ នៅ​ចុងខែ​កក្កដា​ផងដែរ​។​

​សូមបញ្ជាក់ថា Cambodia Airways ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុ​ជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ Prince International Airlines Company Limited (PIA) ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​គម្រោង​នេះ ជើងហោះហើរ​របស់ KR 801 បានចាប់ផ្តើម​ដឹក​អ្នកដំណើរ​សរុប​១៤៥​នាក់ ចេញដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៩:៥០ ព្រឹក​ម្សិលមិញ​ឆ្ពោះទៅ​ខេត្តសៀមរាប​ទៅដល់​នៅ​ម៉ោង ១០:៣៥ ដោយ​ប្រើ​យន្តហោះ Airbus A319​។​

​បើតាម​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា អនាគត​ក្រុមហ៊ុន Cambodia Airways គ្រោង​នឹង​បង្កើន​ជើងហោះហើរ​របស់ខ្លួន ទៅកាន់​ប្រទេស​មួយចំនួនទៀត​ដូចជា ជប៉ុន ចិន ហុងកុង តៃវ៉ាន់ និង​កូរ៉េខាងត្បូង ជាដើម​៕​