លោក ម៉ា ឈឿន ៖ រដ្ឋាភិបាល​មិន​លើកលែង​ចំពោះ​ក្រុម​ដែលរ​ញុះញង់​មិន​ឲ្យ​ទៅ​បោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​កំពង់ចាម ៖ ​ក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​បង​ប្អួ​ន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាំ​នាង ស្ថិតនៅ​ឃុំ ផ្តៅ​ជ្រុំ ស្រុក​ជើងព្រៃ លោក ម៉ា ឈឿន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ចាម បាន​ថ្លែង​ផ្តាំ​ទៅកាន់​ក្រុមប្រឆាំង​ក្រៅច្បាប់ ដែល​បានរៀបចំ​ផែន​ទុចរិទ រារាំង និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​រាជរដ្ឋាភិបាល​មិន​លើកលែង​ជា​ដាច់​ខាត់​ចំពោះ​ផែនការ​មួយ នេះ​។ ឯកឧត្តម​តំណាងរាស្ត្រ ម៉ា ឈឿន បាន​បញ្ជាក់ថា ផែនការ​រារាំង​និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត គឺជា​អំពើ​ខុសច្បាប់ ដែល​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ រួម​នឹង​រដ្ឋធម្មនុញ្ញ​ផងដែរ​។ ជាមួយគ្នានេះ ឯកឧត្តម តំណាងរាស្ត្រ ក៏បាន​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ចាប់​ខ្លូន​ភ្លាមៗ ចំពោះ​ក្រុម ឬ​ជន​ទាំង ឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​រារាំង និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​។​

សូមជម្រាបថា ក្រុមប្រឆាំង​ក្រៅច្បាប់ ដែលមាន​ទណ្ឌិត សម រង្សី ជា​មេខ្លោង បានដាក់ ចេញ​នូវ​ផែនការ​ទុចរិទ​ជាច្រើន ក្នុង​គោលបំណង​បំផ្លាញ់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ រួមមាន​ការរារាំង និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​ជាដើម ដោយបាន​រៀបចំ​ផែនការ​បំភិទបំភ័យ​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ច្រឡក់​ដៃ​នៅ​ថ្ងៃ បោះឆ្នោត​បណ្តាល​ឲ្យ​ស្លាប់ ក្រោយ ២៤​ម៉ោង​ជាដើម ដែល​ផែនការ​នេះ ត្រូវបាន​សម្តេច តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ចាត់ទុកជា​ទង្វើ​ដ៏​ថោកទាប និង​មិនអាច​លើកលែង​បានឡើយ​។​

ដោយឡែក​នៅក្នុង​ពិធី​សំណេះសំណាល់​នេះដែរ តំណាងរាស្ត្រ ម៉ា ឈឿន ក៏បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​មូលហេតុ​សំខាន់​មួយចំនួន​តូច​បានធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​គាំទ្រ​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​មកទល់​សព្វថ្ងៃ​ក្នុងនោះ​រួមមាន​៖
១)​ជា​គណបក្ស​ដែល​បាន​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍ ដែល​បាន​សង្គ្រោះ​ជាតិ​ពិតប្រាកដ​។​២)​ជា​គណបក្ស​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ ទោះបី​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។​

៣)​ជា​គណបក្ស​ដែល​បាន​ថែរក្សា​សុខសន្តិភាព​យូរអង្វែង ដែល​កំពុងផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​។​៤)​ជា​គណបក្ស​ដែល​ផ្តល់ឱកាស​ដល់​យុវជន និង​កូនក្មួយ​កម្មករ​។​៥)​ជា​គណបក្ស​ដែល​បានប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត​មកជា​កម្ពុជា​អច្ឆរិយៈ ស្មើមុខស្មើមាត់​ជាមួយ​អន្តរជាតិ ដែលមាន​ការទាក់ទាញ​បំផុត​នៅក្នុង​តំបន់​។​៦)​ជា​គណបក្ស​តែ​១​គត់​ដែល​ដែល​សំបូរ​ធនធានមនុស្ស មាន​សមត្ថភាព​ពេញលេញ​និង​មា​នល​ទ្ឋ​ភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​យូរអង្វែង​៕