រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅតែមាន​ស្ថិរភាព​រឹងមាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ភ្នំពេញ ៖ នាឱកាស​ចុះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម បានបង្ហាញ​ជំនឿ​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​មានឱកាស​ដឹកនាំ​ប្រទេស​កម្ពុជា នោះ​កំណើន​សេដ្ឋកិច្ចជាតិ នៅតែមាន​ស្ថិរភាព​រឹងមាំ​ជានិច្ច ។​

​លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធានមនុស្ស និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដោយមាន​ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព បទពិសោធន៍ និង​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ចងក្រង​គោលនយោបាយ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​កិច្ចការ​នេះ គណបក្ស​បានធ្វើ​ដោយ​ជោគជ័យ អស់​រយៈពេល ២​ទស្សវត្សរ៍ មកហើយ ។ លោក​ជឿថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹកនាំ​ប្រទេស នោះ​កំណើនសេដ្ឋកិច្ច នៅតែ​សម្រេចបាន​ក្នុង​រង្វង់ ៧% ហើយ​ភាពក្រីក្រ​នឹង​បន្ត​ធ្លាក់​ចុះក្រោម ១០% ។

​លោក​បញ្ជាក់ថា គោលនយោបាយ​ទាំងអស់​របស់ គណបក្ស​ប្រជាជន គឺជា​ចក្ខុវិស័យ និង​ទិសដៅ​ផែនការ​សកម្មភាព រយៈពេល ៥​ឆ្នាំ ដែល​គណបក្ស​ត្រូវ​អនុវត្តន៍ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។​

​គួរបញ្ជាក់​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទស្សវត្សរ៍​កន្លងមក​នេះ បាន​រក្សា​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ ។

​បើតាម​ការ​ព្យា​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ប្រចាំ​កម្ពុជា ថា ក្នុង​ឆ្នាំ ២០១៨​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត ក្នុង​ប្រមាណ​៦,៩​ភាគរយ ដែល​ធ្វើអោយ​ទំហំ​សេដ្ឋកិច្ចជាតិ​កើនឡើង​ដល់ ២៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក និង​រំពឹងថា​កំណើន​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​គិត​ជា​មធ្យម​ចំនួន ១.៥៦៨​ដុល្លារ​អាមេរិក ៕​