៥​ឆ្នាំ​ចុងក្រោយ កម្ពុជា​បាន​ចំណូល​ជាង ១​ម៉ឺន​លាន​៥​សែនដុល្លារ ​ពី​វិស័យ​ទេសចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) រាយការណ៍​ថា ៥​ឆ្នាំ​ចុងក្រោយ ពោលគឺ​ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​សរុប ១៥.១៤៥ លាន​ដុល្លារ សម្រាប់​ដាក់បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។

​ទីភ្នាក់ងារ AKP បាន​រាយការណ៍​ដោយ​សង្ខេប​ស្តីពី​សមិទ្ធ ផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ចំណូល​ពី​វិស័យ​ទេសចរណ៍ រួមមាន​ឆ្នាំ​២០១៣ ទទួល​ចំណូល​ចំនួន ២.៥៤៧​លាន​ដុល្លារ​, ឆ្នាំ​២០១៤ ទទួល​ចំណូល​បាន ២.៧៣៦​លាន​ដុល្លារ​, ឆ្នាំ​២០១៥ ទទួល​ចំណូល​បាន ៣០១២​លាន​ដុល្លារ​, ឆ្នាំ​២០១៦ ទទួល​ចំណូល​បាន ៣២១២​លាន​ដុល្លារ និង​ឆ្នាំ​២០១៧ ទទួល​ចំណូល​បាន ៣៦៣៨​លាន​ដុល្លារ​។

​ដោយឡែក​គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ចុះបញ្ជី​ជា​ផ្លូវ​ការប្រមាណ ៣៩៤ កន្លែង រួមមាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ ១១៤​កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​-​ធម្មជាតិ ២១​កន្លែង រមណីយដ្ឋាន​កែច្នៃ​៣៣​កន្លែង រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌​-​ធម្មជាតិ ២៧​កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ១៩៦​កន្លែង​។

​តាមរយៈ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងនេះ បាន​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​សណ្ឋាគារ​ចំនួន​៧៨១ ហើយ​ផ្ទះសំណាក់​ចំនួន​២.២០០​។ ទីភ្នាក់ងារ​ទេសចរណ៍​មាន​ជាង ៦០០​កន្លែង ក្រុម ហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ ៣៨​ក្រុមហ៊ុន និង​មគ្គុទ្ទេសក៍​ទេសចរ​ជាង ៥.២០០​នាក់ ដែល​ជាម​គ្គុ ទ្ទេស​ក៍​ទេសចរ​ភាសា​ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេ​ស្ប៉ា​ញ ថៃ និង​វៀតណាម​។​ដោយឡែក ៤​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ២​លាន​នាក់ ដោយ​កើនឡើង​ជិត​១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។

​តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦​លាន​នាក់ នៅ​ដំណាច់ឆ្នាំ​២០១៨ និង ប្រមាណ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ដែល​អាច​នាំមក​នូវ​ចំណូល​ប្រមាណ ៥.០០០​លាន​ដុល្លារ ថែមទាំង​អាចបង្កើត​ការងារ​បាន​ប្រមាណ ១​លាន​នាក់​។

​វិស័យ​ទេសចរណ៍​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពិតជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​បង្កើត​ការ ងារ​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​។ លើសពីនេះ​វិស័យ​ទេសចរណ៍ ក៏​ជា​ប្រភព​ចំណូល​ជាតិ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​រីកចម្រើន​បន្ថែមទៀត​៕