ទួរគី គ្រោង​ចងសម្ព័ន្ធ​ភាព ភ្នំពេញ​-​អង់កា​រ៉ា ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ភ្នំពេញ ៖ សាធារណរដ្ឋ​ទួរគី មានបំណង​ចងសម្ព័ន្ធ​មេត្រីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិ ការ រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​អង់កា​រ៉ា ដើម្បី​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង និង ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

​គម្រោងការ​នេះ បានបង្ហាញ​ឡើង នៅក្នុង​ជំនួប​សវនាកា​រ រវាង លោក ឃួ​ង ស្រេង អភិ បាល​រាជធានី​ភ្នំពេញ​និង លោកជំទាវ អៃ​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គរដ្ឋទូត ទួរគី​ប្រចាំ​កម្ពុជា ដែល​បាន​ធ្វើឡើង កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង ពី​ការកកើត​រាជធានី​ភ្នំពេញ ដែលមាន​អាយុកាល​ជាច្រើន​រយ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ក្នុង​របប ប៉ុល ពត ភ្នំពេញ​បាន​ធ្នាក់​ដល់​ចំណុចសូន្យ ក្រោយ​ឆ្នាំ​១៩៧៩ ភ្នំពេញ​មានតែ​ប្រជាពលរដ្ឋ ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ​។ តែ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ទីក្រុង​មួយ​នេះ​ក្លាយជា​ទីក្រុង មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​ទីក្រុង​ផ្សេងៗ ដូចជា ថៃ ឡាវ ជប៉ុន ចិន បារាំង ជាដើម​។​

​លោក អភិបាល​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ បទ ល្មើស​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ធ្វើអោយ​អ្នកវិនិយោគ មាន​ភាពកក់ក្តៅ ទេសចរណ៍ មាន ការកើនឡើង រួម​នឹង​បង្ក​ភាពកក់ក្តៅ​ដល់​អង់​ទូត​នានា ក្នុងការ​បំពេញការងា​រ​របស់​ខ្លូន​នៅ​កម្ពុជា​។​

​លោក​បន្តថា នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត កម្ពុជា​នឹងមាន​ការបោះឆ្នោត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ ជូន​គ្រប់​គណបក្ស​រួចហើយ​។ ចំពោះ​បំណង​ចង់អោយ មានការ​ចងសម្ព័ន្ធ​មេត្រី​ភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​បានបង្ហាញ​ការ ស្វាគមន៍ ចំពោះ​ចេតនា ដ៏ នេះ ហើយក៏​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​លោក បានលើកឡើង​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រទេស​កម្ពុជា​មិន​ត្រូវការ​សង្គ្រាម​នោះ ទេ ហើយ​ការរំលាយ​បក្ស​មួយ​នោះ ក៏​ដោយសារ​អ្នកដឹកនាំ​បក្ស​នោះ​ធ្វើ​ខុសច្បាប់ កម្ពុជា​អនុវត្ត​ច្បាប់ មិន​ថា បក្ស​ណា ស្ថាប័ន​ណា​នោះទេ បើ​ធ្វើ​ខុសច្បាប់​ត្រូវតែ​មានទោស​ចំពោះមុខ​ច្បាប់​។​

​ជាមួយគ្នា​នោះ លោកជំទាវ អៃ​ដា អ៊ុន​លូ មា​នស​ប្រសាសន៍ថា ទីក្រុង​ភ្នំពេញ​ពិតជា​មានការ រីក ចំរើន​លឿន​មែនទែន ហើយ​ទីក្រុង​ភ្នំពេញ គឺ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បានល្អ ក៏​ធ្លាប់បាន ជាប់ ណាត់​ថ្នាក់​ជាទី​ក្រុង​ស្អាត​ក្នុង​តំបន់​អាស៊ី​ផងដែរ​។ គម្រោង​ចងសម្ព័ន្ធ​មេត្រីភាព រវាង​ទីក្រុង​នៃ ប្រទេស​ទាំងពីរ​នេះ គឺ​ដើម្បី​ជម្រុញ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ ការ រវាង​ប្រទេស​ទាំងពីរ​។

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ទួរគី បានសម្រេច​បើក​ស្ថានទូត របស់ខ្លួន​នៅ​កម្ពុជា កាលពី​ចុងឆ្នាំ ២០១៣ ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង ដ៏​ល្អ​មួយ រវាង​ប្រទេស​ទួរគី និង​កម្ពុជា ហើយក៏​ជាការ​បង្ហាញ ពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក ជាពិសេស​នឹង​នាំមក​នូវ​ផល ប្រយោជន៍​ទាំង​សង​សម្រាប់ ប្រជាជន និង​ប្រទេស​តាំងពីរ​ខាង​ផងដែរ​៕